(កំពង់ឆ្នាំង)៖ លេខាធិកាដ្ឋានក្រុមសកម្មជន នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ បានសការជាមួយអាជ្ញាធរភូមិ ឃុំសង្កាត់ នាំយកអំណោយរបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតចំនួន៥០គ្រួសារ នៅក្នុងសង្កាត់៤ នៃក្រុងកំពង់ឆ្នាំង និងឃុំស្រែថ្មី ស្រុករលាប្អៀរ។
លោក ឈៀង ថារិទ្ធ ប្រធានលេខាធិការដ្ឋានក្រុមសកម្មជននៃក្រុមការងារយុវជនគណបក្សខេត្តបានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំនិងអភិវឌ្ឍប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។ ជាពិសេស អំឡុងពេលកូវីដ១៩ សម្ដេចបានគិតគូរអំពីសុខមាលភាពដល់ពលរដ្ឋគ្រប់រូប ដោយសម្ដេចបានស្វះស្វែងរកវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃនិងមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយនោះឡើយ។
និយាយដោយឡែក សម្រាប់ខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់លោក ស៊ុន សុវណ្ណារិទ្ធិ បានខិតខំអភិវឌ្ឍ កសាងទឹកដីខេត្តកំពង់ឆ្នាំង ពីមួយថ្ងៃទៅមួយថ្ងៃ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យផងដែរ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំសណ្ដាប់ធ្នាប់សន្តិសុខ ពិសេសបានរៀបចំសោភ័ណភាពទីក្រុង ដោយបានដាក់អំពូលភ្លើងសូឡាតាមទីជនបទ ការរៀបចំដាក់ភ្លើងលំអរនៅក្នុងក្រុង និងតាមទីប្រជុំជនជាដើម។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត តែងបានដឹកនាំក្រុមការងារចុះមូលដ្ឋានជាប្រចាំ ដើម្បីស្វែងយល់អំពីសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយឲ្យបានទាន់ពេលវេលា និងបន្តជួយដោះស្រាយបជាបន្តបន្ទាប់។ ជាក់ស្ដែងនៅ ក្នុងថ្ងៃទី១៣ ខែមករានេះដែរ លោកអភិបាលខេត្ត បានផ្ដល់អំណោយតាមរយៈក្រុមសកម្មជន នៃក្រុមការងារយុវជនគណបក្សខេត្ត ចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតរួមមានចាស់ជរា, ជនមានពិការភាព, ស្ត្រីមេម៉ាយកូនច្រើន សរុបចំនួន៥០គ្រួសារ ដែលមានសមាជិកក្នុងគ្រួសារជាង២០០នាក់។
ប្រជាពលរដ្ឋដែលបានទទួលអំណោយខាងលើនេះ គឺនៅសង្កាត់ផ្សារឆ្នាំង១០គ្រួសារ, សង្កាត់កំពង់ឆ្នាំង១០គ្រួសារ, សង្កាត់ប្អេរ១០គ្រួសារ, សង្កាត់ខ្សាម១០គ្រួសារ និងនៅ ក្នុងភូមិទ្រាជើង ឃុំស្រែថ្មី១០គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបានអង្ករ២០គីឡូ មី១កេះ ទឹកត្រី ទឹកស៉ីអ៉ីវ១យួរ និងត្រីខ១យួរ។
អាជ្ញាធរភូមិឃុំ និងសង្កាត់ រួមទាំងប្រជាពលរដ្ឋ ដែលទទួលបានអំណោយខាងលើនេះ បានថ្លែងអំណរគុណនិងដឹងគុណយ៉ាងពន្លឹក ដល់លោកអភិបាលខេត្ត រួមទាំងក្រុមការងារ៕