(ភ្នំពេញ)៖ លោកឧកញ៉ា អ៉ឹង ឆៃងួន អគ្គនាយកវិទ្យុ-ទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស ព្រមទាំងក្រុមគ្រួសារ បានផ្ញើលិខិតថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ឧបាសិការ លាត នាង ជាម្តាយក្មេករបស់លោកឧកញ៉ា។

នៅក្នុងលិខិតថ្លែងអំណរគុណ ដែល Fresh News ទទួលបានៅថ្ងៃនេះ បានបញ្ជាក់ឲ្យដឹងថា «ខ្ញុំបាទ អ៉ឹង ឆៃងួន អគ្គនាយកវិទ្យុ និងទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស ជាបឋម សូមអនុញ្ញាតគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងពីរបានធ្វើលិខិតរួមរំលែកទុក្ខចំពោះមរណភាពរបស់ឧបាសិកា លាត នាង ជាម្តាយក្មេករបស់ខ្ញុំបាទ ដែលទទួលអនិច្ចកម្ម នៅថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ»

«តបចំពោះសមានចិត្តសម្តែងនូវសមានទុក្ខសង្វេគ ស្តាយស្រណោះ អាឡោះអាល័យប្រកបដោយ អនិច្ចលក្ខណៈធម៌ ព្រមទាំងឧទ្ទិសដល់វិញ្ញាណក្ខន្ធមហាឧបាសិកា លាត នាង សូមឆាប់បានយោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយទន្ទឹមនឹងនេះ ខ្ញុំបាទ និងភរិយា សូមលំឱនកាយគោរព ជូនសព្ទសាធុការពរបវរមហាប្រសើរ សូមសម្ដេចទាំងពីរ បានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។

គួរពុំគួរសូមសម្ដេចទាំងពីរ មេត្តាអធ្យាស្រ័យខ្ញុំបាទដោយក្តីមេត្តាករុណានុគ្រោះ»៕