(ភ្នំពេញ)៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី គម្រោងរៀបបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក អ៊ុំ សុថា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោកស្រី KAMEI Haruko ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងឧស្សាហកម្ម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម ដែលបណ្តាញ Fresh News ទទួលបាន។
គម្រោងនេះ គឺជាគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសទី ៥ ក្នុងវិស័យទឹកស្អាតចាប់ពីឆ្នាំ ២០០៣។ គោលដៅរំពឹងទុករបស់គម្រោង គឺដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការរៀបចំបទបញ្ញត្តិ និងការគ្រប់គ្រងអង្គភាពទឹកស្អាតទីប្រជុំជន តាមរយៈការរៀបចំនូវគោលការណ៍ណែនាំអំពីការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅទីប្រជុំជន គំរូផែនការអភិវឌ្ឍន៍ទឹកស្អាតនៅទីប្រជុំជនថ្នាក់ខេត្ត និងគំរូផែនការមេសម្រាប់អង្គភាពទឹកស្អាតសាធារណៈ។ គម្រោងនេះនឹងរួមចំណែក ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទឹកស្អាត ដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យនៅក្នុងប្រទេសកម្ពុជា។
គម្រោងនេះក៏នឹងជួយដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការរៀបចំគោលការណ៍ណែនាំ និងផែនការអភិវឌ្ឍន៍វិស័យទឹកស្អាត តាមរយៈការកសាងសមត្ថភាពជាបន្តបន្ទាប់ដល់មន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ផ្អែកលើឯកសារកិច្ចព្រៀងកំណត់ហេតុនៃកិច្ចពិភាក្សា គម្រោងនេះរំពឹងថានឹងត្រូវចាប់ផ្តើមអនុវត្តនៅពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគោលបំណងរៀបចំគោលការណ៍ណែនាំអំពីការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន គំរូផែនការអភិវឌ្ឍន៍ទឹកស្អាតទីប្រជុំជនថ្នាក់ខេត្ត និងគំរូផែនការមេសម្រាប់អង្គភាពទឹកស្អាតសាធារណៈនៅខេត្តគោលដៅ។ សកម្មភាពរបស់គម្រោង ក៏នឹងរួមបញ្ចូលទាំងការកសាងសមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិង នវានុវត្តន៍ ផងដែរ។
JICA គឺជាដៃគូអភិវឌ្ឍមួយដ៏យូរអង្វែងមួយក្នុងវិស័យទឹកស្អាតនៅកម្ពុជា ដែលតាមរយៈ JICA រដ្ឋាភិបាលជប៉ុនប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តរយៈពេលយូរជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចឱ្យបាននូវការទទួលបានទឹកស្អាត និងមានសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា៕