(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងមួយ ប្រាប់ទៅដល់គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ ហើយមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតលើកទី ១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញ Fresh News ទទួលបាន គ.ជ.ប បានបញ្ជាក់ថា៖

* នីតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ត្រូវអនុវត្តតាមជំពូកទី២ ផ្នែកទី៣ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ។ គណបក្សនយោបាយ អាចទាញយកនីតិវិធីនេះពីគេហទំព័រ គ.ជ.ប (www.nec.gov.kh) ។

* ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះត្រូវធ្វើនៅគណៈកម្មការរៀបចំការបោះឆ្នោតនៃខេត្តសាមីពាក់ព័ន្ធ ។

* គណបក្សនយោបាយដែលមានបំណងឈរឈ្មោះបោះឆ្នោតត្រូវមកយកគំរូពាក្យសុំនៅ គ.ជ.ប ឬគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តក្រចេះ ចាប់ពីថ្ងៃជូនដំណឹងនេះ ឬអាចទាញយកពីគេហទំព័រ គ.ជ.ប (www.nec.gov.kh) និងត្រូវដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ (ទ.១០០៨) តាមបែបបទដែលកំណត់ដោយ គ.ជ.ប នៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តក្រចេះ ។

* កាលបរិច្ឆេទ និងពេលវេលាទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ គឺចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅរៀងរាល់ម៉ោងធ្វើការ ។

* ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះត្រូវមានភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចមានក្នុងទម្រង់បែបបទលេខ ១០០៨ ។

គ.ជ.ប សង្ឃឹមទុកជាមុនថា គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្តីពីគណបក្សនយោបាយរួចហើយ និងមានបំណងឈរឈ្មោះបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាព ៕