(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ បានផ្ញើលិខិតថ្លែងអំណរគុណជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរ ប្រកបដោយពាក្យពេចន៍លើកទឹកចិត្តដ៏មានអត្ថន័យ នៅក្នុងឱកាសទិវាខួបកំណើតរបស់សម្តេច។
នៅក្នុងសារលិខិតរបស់សម្ដេចក្រឡាហោម ស ខេង មានអត្ថន័យយ៉ាងដូចនេះថា« ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានផ្ញើលិខិតជូនពរជ័យ ប្រកបដោយពាក្យពេចន៍លើកទឹកចិត្តដ៏មានអត្ថន័យ នៅក្នុងឱកាសទិវាខួបកំណើតរបស់ខ្ញុំ។ ខ្ញុំពិតជាមានសេចក្តីសោមនស្ស និងមោទកភាពយ៉ាងក្រៃលែងចំពោះសមានចិត្តស្រលាញ់រាប់អានដ៏ជ្រាលជ្រៅរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី មកលើរូបខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ។
ក្នុងឱកាសឆ្នាំថ្មី២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ក៏បានសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕