(ម៉ិចស៊ិកូ)៖ រដ្ឋាបាលភិបាលម៉ិចស៊ិកូ បានប្រកាសថាខ្លួនត្រៀមកាត់បន្ថយថវិកាជាតិ ១,៦៨ពាន់ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាព អឺរ៉ុប និងកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំង ពីបណ្តាប្រទេសសម្ព័ន្ធមិត្ត និងអ្នកមានទំនាក់ទំនងផ្នែក ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០១៦។
រដ្ឋាភិបាលម៉ិចស៊ិកូ បានលើកឡើងថា ខ្លួននឹងធ្វើការចរចាពាណិជ្ជកម្មសេរី ជាមួយនឹងចក្រភព អង់គ្លេស ប្រសិនបើទីក្រុងឡុងដ៍ រំដោះខ្លួនរួចពិច្ចព្រមព្រៀងគ្រប់យ៉ាងជាមួយនឹងសហភាពអឺរ៉ុប។ រដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ិចស៊ិកូលោក Luis Veidegaray បានថ្លែងថា «ប្រជាជនចក្រភពអង់គ្លេស ពិតជាធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលខ្លាំងណាស់។ វាជាភាពស្មុគស្មាញមួយសម្រាប់ទីផ្សារ ហិរញ្ញវត្ថុរបស់អន្តរជាតិ ដូច្នេះហើយទើបរដ្ឋាភិបាលម៉ិចស៊ិកូ សម្រេចកាត់បន្ថយហិរញ្ញវត្ថុ ដែលត្រូវចំណាយមិនចាំបាច់មួយចំនួន»៕