(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបដិសេធ ចំពោះការប្រើប្រាស់រូបភាពលោកទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដោយគ្មានការអនុញ្ញាត បង្កើតនូវបណ្តាញ Telegram ឈ្មោះ KHMER INVESTMENT ។

បណ្តាញតេលេក្រាមឈ្មោះ KHMER INVESTMENT ដែលមានសមាជិកជាង ៤២០០នាក់ (គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣) បានយករូបភាពលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ប្រើប្រាស់ដោយមិនមានការអនុញ្ញាត​ក្នុងចេតនាទុច្ចរិត។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា «ធនាគារជាតិនៃកម្ពុជា សូមបដិសេធទាំងស្រុង​ ចំពោះបណ្តាញខុសច្បាប់ទាំងនេះ និងសូមអំពាវនាវជាបន្ទាន់​ ដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងសូមកុំចាញ់បោកក្រុមទុច្ចរិតទាំងនេះ»

ធនាគារជាតិនៃកម្ពុជា បានចាត់វិធានការផ្លូវច្បាប់លើជនខិលខូចទាំងនេះ និងក្រុមផ្សេងទៀត​ ដែលប្រើរូបភាពថ្នាក់ដឹកនាំ ធនាគារជាតិនៃកម្ពុជា ដោយគ្មានការអនុញ្ញាត៕