(កោះកុង)៖ លោក ចន្ទ ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីប្រកាសតែងតាំងលោក ឈិន លីមពិសាល ជាប្រធានរតនាគារថ្មីខេត្តកោះកុង ជំនួសលោក យិន ពិទាយ ដែលត្រូវចូលនិវត្តន៍។ ពិធីនេះក៏មានការចូលរួមពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងមន្ត្រីរាជការគ្រប់ស្ថាប័ន។

លើកឡើងនាឱកាសនោះលោក ចន្ទ ណារិទ្ធ ក៏បានថ្លែងអំណរគុណលោក យិន ពិទាយ ប្រធានរតនាគារខេត្តកោះកុងចាស់ ដែលលោកបានចូលនិវត្តន៍ ដោយរយៈបំពេញការងារលោកបាន រួមចំណែកដ៏ធំធេងក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានាំមកនូវសមិទ្ធផលនានា ដ៏សំខាន់ៗជាច្រើនសម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចសម្រាប់សាលាខេត្តកោះកុងទាំងមូលផងដែរ។

លោក ចន្ទ ណារិទ្ធ ក៏បានផ្តាំផ្ញើដល់ប្រធានរតនាគារដែលទើបប្រកាសតែតាំងមុខតំណែងថ្មី ត្រូវបន្តរក្សាសាមគ្គីគ្នា រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ និងបង្កើនប្រសិទ្ធភាពការងារឲ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីបំពេញតួនាទីភារកិច្ចឲ្យបានជោគជ័យក្នុងការបម្រើមន្ត្រីរាជការក្រោមឱវាទ សាធារណៈនិងរាជរដ្ឋាភិបាលដែលដាក់ជូន ហើយត្រូវខិតខំបំពេញកាតព្វកិច្ច និងតួនាទីរបស់ដោយប្រកបដោយក្រមសិលធម៌ និងវិជ្ជាជីវៈឲ្យស្របតាមមន្ត្រីរាជការដែលរាជរដ្ឋាភិបាលប្រគល់តួនាទីជូន។

លោក ឈិន លីមពិសាល ក៏បានឡើងធ្វើការប្តេជ្ញាចិត្តថា ដើម្បីឆ្លងតបចំពោះការផ្តល់ទំនុកចិត្តពីរាជរដ្ឋាភិបាល និងលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី លោកនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដោយយកចំណេះដឹងជំនាញ និងបទពិសោធន៍មកបន្តគ្រប់គ្រង និងដឹកនាំរតនាគេខេត្តកោះកុង ដើម្បីដោះស្រាយបញ្ហាប្រឈម និងផ្ដល់សេវាសាធារណៈ ជូនអង្គភាពពាក់ព័ន្ធឱ្យកាន់តែប្រសើរថែមទៀត ដើម្បីរួមចំណែកក្នុងការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត ដើម្បីធ្វើឲ្យសម្រេចបាននូវគោលដោយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឲ្យសម្រេចបានជោគជ័យជាស្ថាពរ។

លោក ឈិន លីមពិសាល ក៏បានប្តេជ្ញាអនុវត្តឱ្យបានជាដាច់ខាតតាមអភិក្រមទាំង៥ របស់សម្ដេចតេជោ ហ៊ុនសែន គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែលព្យាបាល និងវះកាត់» និងអនុវត្តឱ្យបានជាដាច់ខាតតាមអភិក្រម ការងារទាំងបួនប្រការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមាន ១៖ អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងគោរពគ្រាន់ព្រះធម៌វិជ្ជាជីវៈ ២៖ អនុវត្តការងារជាក្រុម ៣៖ អនុវត្តការងារដោយប្រកាន់ខ្ជាប់ស្មារតីបុរេកម្ម និងគោលការណ៍ប្រសិទ្ធភាពថវិកា និង៤៖ មិនត្រូវមើលរំលងកំហុសខ្លួនឯង៕