(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា បានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា បុគ្គល ឡាយ សំណាង អតីតអនុប្រធាននាយកដ្ឋានហិរញ្ញាវត្ថុ និងផ្គត់ផ្គង់នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា ដែលត្រូវអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានឃាត់ខ្លួន ពីបទកិបកេងយកថវិការដ្ឋឆ្នាំ២០១៩ និងឆ្នាំ២០២០ ដោយយកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន។

ក្រសួងសង្គមកិច្ច បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា មុនឈានដល់ការឃាត់ខ្លួនក្រសួងបានរៀបចំក្រុមការងារដើម្បីត្រួតពិនិត្យលើភាពមិនប្រក្រតីនេះ និងតម្រូវឲ្យបុគ្គលខាងលើសងប្រាក់មកវិញ ប៉ុន្តែបុគ្គល ឡាយ សំណាង ព្យាយាមគេចវេស និងពន្យារពេលដោះស្រាយដោយមិនទទួលខុសត្រូវក្នុងការយកថវិការដ្ឋទាំងអស់នោះមកសងវិញនោះទេ។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងបានចាត់វិធានការខាងវិន័យរដ្ឋបាល និងបានស្នើឲ្យមេធាវីប្រចាំក្រសួងរៀបចំកសាងពាក្យបណ្តឹងដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការតាមនីតីវិធីច្បាប់។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា ថវិការដ្ឋដែលបុគ្គល ឡាយ សំណាង បានកិបកេង គឺមិនជាប់ពាក់ព័ន្ធនឹងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ដែលរាជរដ្ឋាភិបាលកំពុងឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់អំឡុងបិទខ្ទប់ក្នុងព្រឹត្តិការណ៍២០កុម្ភៈ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងមានសម្ពាធអតិផរណា និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសាររងហានិភ័យដែលរងផលប៉ះពាល់ទឹកជំនន់ឡើយ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាប់ចោទឈ្មោះ ឡាយ សំណាង នៅមណ្ឌលអប់រំ (PJ) ជាបណ្តោះអាសន្ន ក្រោយចោទប្រកាន់កិបកេងថវិការដ្ឋ និងប្រាក់របបគោលនយោបាយជនពិការជាង៣៨ម៉ឺនដុល្លារ៕