(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង បានណែនាំដល់អាជ្ញាធរក្រុង ស្រុកទូទាំងខេត្ត ត្រូវសហការគ្នាចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងត្រូវផ្ទៀងផ្ទាត់ពិនិត្យឱ្យបានល្អិតល្អន់ ថាតើបញ្ជីឈ្មោះរបស់ខ្លួនបានត្រឹមត្រូវហើយ ឬនៅ បើមានបញ្ហាមិនប្រក្រតីណាមួយសូមសហការ និងកែតម្រូវឱ្យទាន់ពេលវេលា។

ការណែនាំបែបនេះ របស់លោក ហាក់ ឡេង បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាតំណាងលោកស្រី មិថុនា ភូថង អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

លោកបានឱ្យដឹងថា ការការបិទផ្សាយបញ្ចីឈ្មោះបោះឆ្នោតដំបូង និងបញ្ចីឈ្មោះបោះឆ្នោតដែលត្រូវលុបចេញពីបញ្ជី ត្រូវធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្ត បានបន្តថា ការដាក់ ការទទួល និងការដោះស្រាយបណ្តឹង​តវ៉ា ជនណាក៏ដោយក៏មានសិទ្ធប្តឹងតវ៉ាតាមទំរង់ ១២០២ទាក់ទង និងបញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះបោះឆ្នោតដែលត្រូវលុបចេញក្នុងរយៈពេល១០ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជី។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅមើលបញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត និងសូមអំពាវនាវឱ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យមើលផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបឈ្មោះចេញ ដែលបានបិទផ្សាយនៅតាមឃុំ សង្កាត់ ឬក៏តាម App ទូរស័ព្ទ ប្រសិនបើឃើញថាមានកំហុសឆ្គង សូមរួសរាន់ដាក់ពាក្យបណ្តឹងទៅកាន់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបងប្អូនបានចុះឈ្មោះ ត្រឹមថ្ងៃ២៣ ខែមករា ២០២៣យ៉ាងយូរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ហាក់ ឡេង ក៏បានអំពាវនាវបន្ថែមដល់អាជ្ញាធរដែនដី ក្រុង ស្រុក ឃុំ សង្កាត់ ជួយផ្សព្វផ្សាយបន្តសេចក្តីជូនដំណឹងរបស់ខេត្តស្តីពីការចុះចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ នៅតាមមន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក ក្នុងខេត្តកោះកុង ឱ្យបានទូលំទូលាយ ដើម្បីបញ្ជ្រាបព័ត៌មាននេះជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដាច់ស្រយាលជាដើម៕