(ស្ទឹងត្រែង)៖ អគារសិក្សាថ្មីរបស់សាលាបឋមសិក្សាកាំងចាម ស្ថិតនៅភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលជាជំនួយរបស់អង្គការមូលនិធិ អេស៊ីលីដា-ចារឌីន សម្រាប់ការអប់រំ ដែលជាអង្គការមូលនិធិ ដែលត្រូវបានបង្កើតឡើងដោយមានការសហការរវាងធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុន ចារឌីន ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ។
ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក យឹម ផែន អភិបាលរងខេត្ត តំណាងលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង, លោក PETER BEYNON តំណាងស្ថាបនិកនៃអង្គការ មូលនិធិអេស៊ីលីដា-ចារឌីន សម្រាប់ការអប់រំ, លោក បណ្ឌិត ព្រំ វិសុទ្ធ ប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិអេស៊ីលីដា, លោក សន សារឿន អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណ២០០នាក់។
លោក PETER BEYNON និងលោកបណ្ឌិត ព្រំ វិសុទ្ធ បានឱ្យដឹងថា គោលបំណងរបស់អង្គការមូលនិធិអេស៊ីលីដា-ចារឌីន សម្រាប់ការអប់រំនេះ គឺដើម្បីផ្តល់នូវឱកាសសម្រាប់ការអប់រំ ដល់កុមារនៅក្នុងខេត្តទាំង៥ រួមមាន៖ ខេត្តមណ្ឌលគិរី, ខេត្តរតនគិរី, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។ ដោយក្នុងនោះ ដើម្បីពង្រីកសកម្មភាពសាងសង់សាលារៀននេះ នៅតាមតំបន់ដាច់ស្រយាលនៅទូទាំងប្រទេសតែម្ដងនៅពេលខាងមុខ។
ថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាបឋមសិក្សាកាំងចាម លោកអភិបាលរងខេត្ត បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាពលរដ្ឋល្អ មានចំណេះដឹង មានសិល្បធម៍ ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ឈានឆ្ពោះទៅក្លាយជាអ្នកបន្តវេនដឹកនាំ និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចំរើន ហើយជាពិសេសត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលនាំឱ្យខូចអនាគតខ្លួនឯង និងបាត់បង់កិត្តិយសគ្រួសារ។
ក្នុងនោះ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយតាមរយៈអង្គការមូលនិធិ អេស៊ីលីដា-ចារឌីន សម្រាប់ការអប់រំ ដែលបានផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធអប់រំដ៏រឹងមាំនាពេលនេះ និងជំរុញដល់លោកគ្រូ អ្នកគ្រូ រួមទាំងអាជ្ញាធរដែលពាក់ព័ន្ធ សុំជួយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះឱ្យចំគោលដៅ និងថែរក្សាឱ្យបានគង់វង្សយូរអង្វែង៕