(ភ្នំពេញ)៖ ត្រីរាជ ដែលកំពុងរងគ្រោះជិតផុតពូជពីរក្បាល រួមជាមួយត្រីជិតផុតពូជ និងត្រីសំខាន់ៗ ចំពោះអេកូឡូស៊ី រាប់ពាន់ក្បាលផ្សេងទៀត បានលែងចូលទៅក្នុងធម្មជាតិវិញ នៅត្រង់ចំណុចប្រសព្វនៃទន្លេសាប និងទន្លេមេគង្គ។ កម្ពុជាត្រូវបានទទួលស្គាល់ជាជម្រកដ៏មានសក្តានុពលចុងក្រោយរបស់ប្រភេទត្រីទឹកសាបទំហំយក្ស នៃទន្លេមេគង្គ។

នេះបង្ហាញពីស្ថានភាពគួរឱ្យបារម្ភ នៃប្រភេទសត្វជិតផុតពូជនេះដែលចំនួនរបស់វាបានថយចុះរហូតដល់៩៩ភាគរយ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ។ ក្រុមអ្នក វិទ្យាសាស្ត្រសង្ឃឹមថា ការណ៍នេះនឹងនាំឱ្យមានសកម្មភាព អភិរក្សរួមគ្នា និងសម្របសម្រួលបន្ថែមទៀត រួមទាំងការផ្សព្វផ្សាយកាន់តែផុសផុល ដល់សហគមន៍ដែលរស់នៅតាម ដងទន្លេសាបនិងទន្លេមេគង្គ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក ហាស់ សារ៉េត រដ្ឋលេខាធិការនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកស្រី ហាញ់ ង្វៀន នាយិការងនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ និងលោកបណ្ឌិត ហ្សេប ហូហ្គេន ប្រធានដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលផ្តល់មូលនិធិដោយ USAID បានចូលរួមជាអធិបតីក្នុងពីធីព្រលែងត្រី នៅជិតព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។ ត្រីប្រភេទកម្រជាច្រើនប្រភេទរួមមានត្រីរាជធំចំនួន ២ក្បាល ត្រីគល់រាំង ត្រីប្រាធំសរុបចំនួន ៥០០២ក្បាលត្រូវបានលែង ក្រោមកិច្ចសហការរវាងរដ្ឋបាលជលផល និងគម្រោងអច្ឆរិយមេគង្គ។

ទាំងលោក នេត្រ ភក្ត្រា និងលោក ហាស់ សារ៉េត បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ក្នុងនោះត្រីប្រភេទកម្រៗដែលបានលែងនៅថ្ងៃនេះដើម្បីទុកឱ្យវាបានបន្តពូជ បង្កើនចំនួនត្រីកម្រក្នុងដងទន្លេមេគង្គ និងបឹងទន្លេសាប។

លោក នេត្រ ភក្ត្រា បានថ្លែងថា ប្រសិនបើបងប្អូនប្រជានេសាទបានត្រីកម្រៗ សូមកុំសម្លាប់ កុំបរិភោគ និងកុំយកមកលក់ តែត្រូវលែងវាចូលក្នុងទឹកវិញដើម្បីឱ្យវាអាចបន្តរស់នៅ និងកើតកូនពូនជាចៅ។

អ្នកស្រី ចេង មួយឆេង ជាកសិករដែលចិញ្ចឹមត្រីរាជដែលនឹងត្រូវយកទៅព្រលែងក៏មានវត្តមាននៅក្នុង ពិធីព្រលែងត្រីនេះដែរ។ ត្រីរាជ ដែលនឹងត្រូវព្រលែងមានទម្ងន់ប្រហែល៤៥ ទៅ ៥០គីឡូក្រាម និងមានប្រវែងជាង១.៦ម៉ែត្រ។ ក្នុងចំណោមត្រីដែលត្រូវបានលែងរួមមាន ត្រីគល់រាំង ដែលជាប្រភេទ ត្រីរងគ្រោះជិតផុតពូជ ដែលត្រូវបានគេស្គាល់ថាជា «មច្ឆានិម្មិតរូបនៃព្រះរាជាណាចក្រកម្ពុជា» និង ត្រីប្រាធំ ជាត្រីធ្វើចរាចរផ្លាស់ទីឆ្ងាយបំផុតមួយ ហើយក៏ជាអាហារសំខាន់ក្នុងតំបន់ ប៉ុន្តែចំនួនរបស់ពួកវា មានការថយចុះយ៉ាងខ្លាំង និងបច្ចុប្បន្ននេះត្រូវគេចាត់ទុកថាជាប្រភេទត្រីរងគ្រោះជិតផុតពូជ។

លោកស្រី ង្វៀន បានលើកឡើងថា៖ «វាជាការចាំបាច់ណាស់ដែលយើងធ្វើការរួមគ្នាដើម្បីថែរក្សា និងអភិរក្សប្រភេទត្រីសំខាន់ៗ ចំពោះអេកូឡូស៊ី និងរងគ្រោះជិតផុតពូជ ដូចជាត្រីរាជ ដើម្បីរក្សាសុខុមាលភាពទន្លេមេគង្គ។ កិច្ចការនេះនឹងអភិរក្សប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ដើម្បីជួយដល់សហគមន៍ សត្វព្រៃ និងសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេសកម្ពុជា»

លោកបណ្ឌិត ហូហ្គេន បានគូសបញ្ជាក់ថា៖ «បន្ថែមពីលើការអភិរក្សត្រីទាំងនេះ ស្របពេលនេះនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការពារត្រីធម្មជាតិ និងជម្រករបស់វា នេះសបញ្ជាក់ពីការរួមចំណែកយ៉ាង សំខាន់ដល់ការបន្តពូជពង្សរបស់សត្វទាំងនេះនៅក្នុងធម្មជាតិ»

ត្រីរាជបានបាត់វត្តមានអស់ពីទន្លេនានា លើកលែងតែប្រទេសកម្ពុជា។ សព្វថ្ងៃនេះ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេទទួលស្គាល់ យ៉ាងទូលំទូលាយថាកំពុងរក្សាក្តីសង្ឃឹម ដ៏មុតមាំបំផុត សម្រាប់ការបន្តវត្តមាន និងការកើតឡើងវិញ នៃប្រភេទសត្វនានា និងត្រីយក្សទន្លេមេគង្គដទៃ ទៀតដូចជា ត្រីគល់រាំង ត្រីបបែលយក្ស ត្រីសណ្ដាយ និងត្រីត្រសក់។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈរដ្ឋបាលជលផលកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប (IFReDI) សហការជាមួយ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ពាក់ស្លាក និងលែងត្រីជិតផុតពូជជាច្រើនប្រភេទ។

លោក ហាស់ សារ៉េត បានលើកឡើងថា «យើងសូមលើក ទឹកចិត្តដល់គោលនយោបាយដែលអាចឱ្យធនធានដ៏សំខាន់នេះរីកលូតលាស់នៅក្នុងធម្មជាតិ»

លោកស្រី មួយឆេង ដែលតំណាងឱ្យការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហគមន៍មូលដ្ឋាន បានលើកឡើងថា «ខ្ញុំមានសេចក្ដីសប្បាយរីករាយ ដែលគ្រួសាររបស់ខ្ញុំអាចចូលរួមចំណែក ក្នុងការអភិរក្សត្រីដែលជិតផុតពូជ។ នេះជាបំណងប្រាថ្នារបស់ប្តីខ្ញុំមុនពេលដែលគាត់ចែកឋានទៅ។ គាត់ចង់លែងត្រីទាំងនេះចូលទន្លេមេគង្គវិញ»

*ត្រីរាជ ជាត្រីទឹកសាបដ៏ធំបំផុតរបស់ពិភពលោក។ វាអាចលូតលាស់ដល់ទំហំអតិបរមាប្រវែង ៣ម៉ែត្រ និងមានទម្ងង់ ៣០០គីឡូក្រាម ហើយប្រភេទនេះត្រូវបានរកឃើញតែនៅក្នុងទន្លេមេគង្គប៉ុណ្ណោះ។ នៅក្នុងប្រទេសកម្ពុជាឯណេះវិញ គេនៅតែចាប់បានត្រីរាជចំនួនតិចតួច ដោយដាយត្រី នៅតាមដងទន្លេសាប ក៏ដូចជាពីទន្លេមេគង្គកម្ពុជាផងដែរ។

*ទន្លេធំៗដែលហូរដោយគ្មានរនាំង របស់កម្ពុជា ជាមួយនឹងតំបន់ទំនាបលិចទឹកទាំងមូលជា «ជីពចរ» ដែលទ្រទ្រង់ជីវិត គឺរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាបាននូវជីវៈចម្រុះ និងផលនេសាទ ដ៏ច្រើន សន្ធឹកសន្ធាប់របស់អាងទន្លេ។ ការអភិរក្សត្រីរាជ ដែលជាប្រភេទត្រីសំខាន់នៃតំបន់មេគង្គ នឹងជួយការពារជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ ដែលពឹងផ្អែកលើផលនេសាទ ប្រកបដោយផលិតភាពល្អ នៅក្នុងអាងទន្លេ។

*គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលគាំទ្រមូលនិធិដោយ USAID ធ្វើការជាមួយរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ដៃគូ ក្នុងគោលបំណងបង្កើនចំណេះដឹង អំពីសារៈសំខាន់នៃ ទន្លេមេគង្គ និងលើកទឹកចិត្តដល់ការប្រើប្រាស់ធនធានជលផលរបស់កម្ពុជាប្រកបដោយនិរន្តរភាព៕