(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានលើកឡើងថា លោកមិនរំពឹងថា ការបោះឆ្នោតរបស់ប្រជាជនអង់គ្លេស ក្នុងការចាកចេញពីសហភាពអឺរ៉ុប អាចនឹងជះឥទ្ធិពលលើទណ្ឌកម្មសេដ្ឋកិច្ច ដែលបានដាក់មកលើរុស្ស៊ី ដោយសហភាពអឺរ៉ុបនោះទេ។ នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោក Putin បានបន្តថា លោកបានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចពិភាក្សាជាមួយនឹងសហភាពអឺរ៉ុប ប៉ុន្តែគន្លឹះសំខាន់ក្នុងការដោះស្រាយឡើងវិញ នូវបញ្ហាទណ្ឌកម្ម ជាមួយនឹងភាពជាមេដឹកនាំ នៃប្រទេសអ៊ុយក្រែន ដែលលោកបានបញ្ជាក់ថា គួរតែមានការអនុវត្តនូវការប្តេជ្ញាចិត្តទាំងឡាយរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុង Minsk។
សូមជំរាបថា មានរឿងរ៉ាវធំៗចំនួន៦យ៉ាង កើតឡើងដោយសារតែចក្រភពអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប៖
១៖ នាយករដ្ឋមន្ត្រីអង់គ្លេស David Cameron ប្រកាសលាលែងពីដំណែងភ្លាមៗ ក្រោយលទ្ធផលបង្ហាញថា យុទ្ធនាការដើម្បីចក្រភពអង់គ្លេស នៅក្នុងសហភាពអឺរ៉ុបត្រូវបានបរាជ័យ។
២៖ ប្រធានគណបក្សពលករ ដែលជាបក្សកាន់អំណាចក៏លាលែងពីតំណែងជាប្រធានគណបក្សផងដែរ ចំពោះបរាជ័យមិនអាចអូសទាញ អ្នកគាំទ្រគណបក្សខ្លួនឯង ឲ្យបោះឆ្នោតតាមការឃោសនារបស់គណបក្ស។
៣៖ ធនាគារកណ្ដាលរបស់ចក្រភពអង់គ្លេស បញ្ចេញប្រាក់ច្រើនសន្ធឹកសន្ធាប់ ដើម្បីទប់ទល់នឹងផ្សារហ៊ុន ដែលទទួលរងផលប៉ះពាល់ ដោយសារបម្រែបម្រួលនយោបាយជាប្រវត្តិសាស្ត្រនេះ ព្រមទាំងដើម្បីទប់ទល់នឹងការធ្លាក់ចុះតម្លៃលុយផោន ដែលធ្លាក់ចុះខ្លាំងបំផុត ក្នុងរយៈពេល៣១ឆ្នាំ កន្លងទៅនេះ។
៤៖ អេស្ប៉ាញ នឹងទាមទារតំបន់ ជីប្រាលតា (Gibraltar) ឲ្យស្ថិតនៅក្រោមអធិបតេយ្យភាពទឹកដីរបស់ខ្លួនវិញ ក្រោយពីតំបន់នោះត្រូវបាន អង់គ្លេស គ្រប់គ្រងតាំងពីឆ្នាំ១៧១៣។
៥៖ ប្រទេស ស្កុតឡែន នឹងធ្វើការបោះឆ្នោតប្រជាមតិផ្ដាច់ខ្លួនចេញពី ចក្រភពអង់គ្លេស ជាថ្មីម្ដងទៀត នៅពេលដែលចក្រភពអង់គ្លេស ចេញពីសហភាពអឺរ៉ុប។
៦៖ ប្រទេស អៀរឡង់ខាងជើង នឹងធ្វើប្រជាមតិផ្ដាច់ចេញពីចក្រភពអង់គ្លេសដែរ ដើម្បីបង្រួបបង្រួម អៀរឡង់ខាងជើង និងអៀរឡង់ខាងត្បូង ក្រោយពីប្រទេសនេះ ត្រូវបានបែងចែក ដោយសារជម្លោះឆ្នាំ១៩២២៕