(បន្ទាយមានជ័យ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់ គណបក្សប្រជាជនកម្ពុជា បានគូសរំលេចថា ការសិក្សារៀនសូត្រមិនចេះចប់នោះឡើយ ទាំងនៅក្នុងសាលា និងនៅក្នុងសង្គម។ ជាពិសេសការរៀនសូត្រនេះទៀតសោតមិនត្រូវ ប្រកាន់ខ្លួននោះឡើយ គឺរៀនពីគ្រប់មជ្ឈដ្ឋាន និងពីមនុស្សនៅជុំវិញខ្លួនរួមទាំង អ្នកនៅក្រោមបង្គាប់ផងដែរ។
លោកបណ្ឌិត បានគូសរំលេចបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យមួយនៅក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ។
ក្នុងឱកាសនោះបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនដ៏មានប្រជាប្រិយភាពរូបនេះ បានចែករំលែកទស្សនទានមួយចំនួនជូនដល់និស្សិតបញ្ចប់ការសិក្សា ដើម្បីយកទៅប្រតិបត្តិក្នុងជីវិតជាបន្ត។
ទស្សនទានដែលលោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសរំលេចនាពេលនោះមានពីរចំណុចសំខាន់ៗរួមមាន៖ ១) បន្តខិតខំរៀនសូត្រ ដោយដាក់ខ្លួនឱ្យសាមញ្ញ និងបើកចំហរទទួលគំនិតពីគ្រប់មជ្ឈដ្ឋាន (រួមទាំងពីថ្នាក់ក្រោម) និងទី២) រក្សាផ្នត់គំនិតនៃការលើកទឹកចិត្តខ្លួនឯង អភិវឌ្ឍខ្លួនឯង និងតស៊ូមិនបោះបង់ ទោះមានបញ្ហាប្រឈមលំបាកយ៉ាងណាក្ដី។
ពាក់ព័ន្ធការសិក្សារៀនសូត្រ បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ដែលបញ្ចប់ការសិក្សាផ្នែកយោធា នយោបាយ និងសេដ្ឋកិច្ចរូបនេះ បានគូសរំលេចថា ការសិក្សារៀនសូត្រ គឺត្រូវរៀនពីគ្រប់ទីកន្លែង និងគ្រប់មជ្ឈដ្ឋាន រួមទាំងអ្នកនៅក្រោមបង្គាប់ ដោយមិនត្រូវប្រកាន់ខ្លួននោះឡើយ។
និយាយដល់ត្រង់ចំណុចនេះ លោកបណ្ឌិត ក៏បានរំលឹកពីការងាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺតែងតែសួរនាំរាល់អ្នកជំនាញជុំវិញខ្លួន មុននឹងសម្តេចសម្រេចចិត្តលើកិច្ចការអ្វីមួយ។
«ចង់ប្រកួតឈ្នះគេ ទាល់តែរៀនក្បួនឱ្យហើយ។ រៀនពីគូប្រកួតរបស់យើង រៀនពីអ្នកជុំវិញយើង ហើយកុំប្រកាន់ខ្លួនថា ខ្ញុំធំជាងគេ ខ្ញុំមិនចាំបាច់រៀនពីអ្នកនៅក្រោមអត់ទេ»។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត។
ពាក់ព័ន្ធការលើកទឹកចិត្តខ្លួនលើកិច្ចការអ្វីមួយក៏ជាធាតុដ៏សំខាន់ផងដែរ សម្រាប់លោកបណ្ឌិត ហ៊ុន ម៉ាណែត។ ដូច្នេះលោកបណ្ឌិត បានលើកទឹកចិត្តមនុស្សឱ្យចេះលើកទឹកចិត្តខ្លួន ឱ្យបានជាប់ជាប្រចាំ ដើម្បីឈានទៅសម្រេចកិច្ចការអ្វីមួយ៕