(ភ្នំពេញ)៖ ថ្លែងនាឱកាសជួបសំណេះសំណាលជាមួយ បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ មកពីខណ្ឌជ្រោយចង្វារ ខណ្ឌឬស្សីកែវ និងខណ្ឌព្រែកព្នៅ សរុបជិត ៣០០នាក់ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ដល់បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យ។
ជាមួយគ្នានោះបន្ទាប់បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីមនោសញ្ចេតនា នឹករលឹកដ៏ជ្រាលជ្រៅពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារី បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធរួច លោកស្រី ម៉ែន សំអន បានបន្តទៀតថា រាជរដ្ឋាភិបាលបានជម្រុញការអនុវត្តក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម តាមរយៈការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គមឲ្យកាន់តែមានវិសាលភាព និងប្រសិទ្ធិភាព ពង្រឹងសន្តិសុខស្បៀង និងអាហាររូបត្ថម្ភដើម្បីធានាការលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាអតិបរិមា។
លោកស្រីបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ទៀតថា ដោយសារតែប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍ និងមានការរីកចម្រើនលើគ្រប់វិស័យ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចប្រកបរបអាជីវកម្មគ្រប់បែបយ៉ាងទៅតាមចំណេះ និងជំនាញរៀងខ្លួន។ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុក្ខដាក់ និងគិតគូរដល់បុគ្គលិកបម្រើការងារនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះផងដែរ។
លោកស្រីបណ្ឌិត ម៉ែន សំអន ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្ម បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមថែរក្សាសុខសន្តិភាព និងគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាថ្នាក់ដឹកនាំ និងសម្រេចចិត្តទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានមានការងារធ្វើ និងការអភិវឌ្ឍន៍បន្ត។
ក្នុងឱកាសនោះផងដែរលោកស្រីបណ្ឌិត ម៉ែន សំអន បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយ:លោក ឃួង ស្រេង ជូនដល់បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួនជិត ៣០០នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល៕