(ភ្នំពេញ)៖ មន្ទីរបរិស្ថានរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ បានបើសន្និបាតប្រជុំបូកសរុបវឌ្ឍនភាពការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីលោក នួន សំណាវុធ នាយកទីចាត់ការគ្រប់គ្រងសំណល់និងបរិស្ថាន តំណាងរដ្ឋបាលរាជធានីភ្នំពេញ លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ រួមទាំងមានមន្ត្រីរដ្ឋបាលខណ្ឌទាំង១៤ខណ្ឌ មន្រ្តីក្រោមឪវាទ ជាច្រើនរូបទៀត។

លោក គាត រង្សី បានលើកឡើងការងារក្នុងឆ្នាំ២០២២កន្លងមកនេះ មន្រ្តីជំនាញនៃមន្ទីរបរិស្ថានបានជំនះពុះពារការលំបាកគ្រប់បែបយ៉ាងរហូតសម្រេចទទួលបានលទ្ធផលល្អប្រសើរ ។ មន្រ្តីជំនាញចុះចាត់វិធានការចំពោះទីតាំងរោងចក្រសហគ្រាស ជាច្រើនទីតាំងផងដែរ ដោយទីតាំងទាំងនោះពុំបានអនុវត្តតាមការណែនាំរបស់មន្ទីរបរិស្ថាន ដោយត្រូវបានមន្រ្តីជំនាញធ្វើការផាក់ពិន័យ។ បញ្ហាប្រឈមប្រមូលសំណង់រឹង សំរាមពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង បញ្ហាសំណល់រាវ នៅតែបន្តបង្ហូចូលលូសាធារណៈ ទន្លេ បឹង ប្រឡាយដោយផ្ទាល់ ។បន្ថែមទៀតនោះ លោកប្រធានមន្ទីរបរិស្ថានស្នើរសុំដល់ក្រសួងបរិស្ថាន បើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រី ដើម្បីបង្កើនសមត្ថភាពដល់មន្រ្តីជំនាញ។

ក្នុងឪកាសនេះដែរលោក ឡេង គឹមស្រុង អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានរបស់ក្រសួងបរិស្ថាន បានលើកឡើងថា ក្រោយមានការបែកចែងការប្រមូលសំរាមរបស់ក្រុមហ៊ុនជា ៣តំបន់ ឃើញមានលក្ខណៈល្អប្រសើរច្រើន ពីបញ្ហាអនាម័យបរិស្ថាន ក្នុងនោះដែរការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ក្នុង១ថ្ងៃ ចាប់ពី ៣០០០តោន ទៅ៣៦០០តោន ដូច្នេះធ្វើឲ្យលំបាកក្នុងរកទីតាំងចាក់សំរាមដែលបច្ចុប្បន្នកំពុងរកដៃគូសហការដើម្បីកែច្ឆៃសំរាមទៅជាផលិតសម្រេច។ ចំពោះបញ្ហាប្រឈមលោកបានលើកឡើងថា ក្នុងរាជធានីភ្នំពេញ គឺក្រុមហ៊ុនប្រមូលសំរាមបានល្អប្រសើរតែតាមបណ្ដោយផ្លូវធំៗ ដោយឡែកតាមផ្លូវតូចៗនៅមិនទាន់បានល្អប្រសើរនៅឡើយ។

លើកឡើងនាឱកាសនោះដែរលោក ផៃ ប៊ុនឈឿន បានឱ្យដឹងដែរថា ក្នុងឆ្នាំ២០២២កន្លងមកនេះ កិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីក្រោមឪវាទទាំងអស់ទទួលបានលទ្ធផលប្រសើរ និងសូមយបន្តយកចិត្តទុកដាក់ពង្រឹងធនធានមនុស្ស ត្រៀមក្នុងការប្រលងប្រណាំងដល់មន្រ្តីបរិស្ថាន បើធនធានមនុស្សមិនទំនើប នោះរដ្ឋបាលក៏មិនទំនើបដែរ ក្រសួងបរិស្ថាននិងធ្វើទំនើបកម្ម ៤.០ ។ បន្ថែមទៀតនោះមន្ទីរបរិស្ថាន ត្រូវការផ្សព្វផ្សាយចំណេះដឹងអប់រំ ដល់គោលដៅ ទីប្រជុំជន សាលារៀន វត្តអារាម មន្ទីរពេទ្យ ទីកន្លែងសាធារណៈ-ល-ឲ្យយល់ដឹងពីបញ្ហាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ៕