(ភ្នំពេញ)៖ ក្រោយមានការចុះផ្សាយព័ត៌មាន ស្តីពីការលើកឡើងរបស់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស រស់នៅទឹកដីខណ្ឌឫស្សីកែវ ពីផលប៉ះពាល់នៃទីតាំងអាជីវកម្មបូមខ្សាច់ ដែលមានម្ចាស់ទីតាំងឈ្មោះ គ្រី យ៉ា នោះភ្លាមៗ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ មន្រ្តីជំនាញមួយក្រុមរបស់ក្រសួងរ៉ែ និងថាមពល បានចុះទៅទីតាំងនោះតែម្តង ដើម្បីពិនិត្យមើលជាក់ស្តែង ព្រមទាំងជួយរកដំណោះស្រាយ កុំឲ្យមានផលប៉ះពាល់តទៅទៀត។
តែក្រោយពិនិត្យជាក់ស្តែងចំពោះដំណើរការអាជីវកម្មរួចមក ក្រុមមន្រ្តីទាំងនេះ បានរកឃើញថា មិនពិតដូចការលើកឡើង របស់ប្រជាពលរដ្ឋនោះឡើយ បើទោះជានៅមានបញ្ហាតិចតួចដែលតម្រូវឲ្យមានការរៀបចំ និងកែសម្រួលជាថ្មីនោះ។
សូមបញ្ជាក់ថា នៅព្រឹកមិញ មានព័ត៌មានថា មានឈ្មួញរកសីុបូមខ្សាច់លក់ម្នាក់ឈ្មោះ គ្រី យ៉ា ប្រចាំនៅទឹកដីខណ្ឌឫស្សីកែវ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាម្ចាស់អាជីវកម្មបូមខ្សាច់ទន្លេដ៏ធំ មានរថយន្ដតូចធំ ដឹកដី ដឹកខ្សាច់ទៅ មកឥត ឈប់ឈរមួយថ្ងៃៗ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងច្រកចូលសាលាវិទ្យាល័យ ជា សីុម ចំរើនរដ្ឋ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ត្រូវបានប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់ នៅទីតាំងក្បែរ ដេប៉ូបូមខ្សាច់ ព្រមទាំងសិស្សវិទ្យាល័យ បានសម្ដែងនូវការមិនពេញចិត្ត និងរិះគន់ចំៗចំពោះអាជីវកម្មបូមខ្សាច់របស់លោកយ៉ាងខ្លាំង ដោយសារតែ រាល់ការបូមខ្សាច់ម្ដងៗ បណ្ដាលឲ្យទឹកហូរចូលលំនៅដ្ឋានរបស់ពួកគាត់។
លោក ឌិត ទីណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះថា «តែក្រោយពីពិនិត្យជាក់ស្តែងចំពោះដំណើរការអាជីវកម្មរួចមក ក្រុមមន្រ្តីបានបញ្ជាក់ថា មិនពិតដូចការលើកឡើងរបស់ប្រជាពលរដ្ឋ នៅក្នុងសារព័ត៌មាននោះទេ ព្រោះទីតាំងអាជីវកម្មនេះជាទីតាំងមានរបងថ្មព័ទ្ធសងខាង ហើយមានធ្វើប្រព័ន្ធបង្ហូរទឹកត្រឹមត្រូវ ហើយប្រជាពលរដ្ឋក៏បានបញ្ជាក់ជូនដែរថា មិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរទេ ។ជាងនេះទៅទៀត យើងខ្ញុំបាននិយាយទូរស័ព្ទជាមួយលោកចៅសង្កាត់ស្វាយប៉ាកដែរ លោកបានបញ្ជាក់ថាដេប៉ូនេះមិនមានផលប៉ះពាល់អី ដល់អ្នករស់នៅជុំវិញនោះទេ ហើយគាត់បានជួយដល់ភូមិ និងជួយធ្វើលូនៅតាមផ្លួវច្រើន ហើយបើមាននោះខ្ញុំសំុឲ្យបិតភ្លាម តែទោះជាយ៉ាងណាក៏ដោយ វានៅមានតិចតួច គឺមានខ្សាច់ជ្រុះលើផ្លូវតែម្ចាស់ដេប៉ូមានដាក់បុគ្គលិកបាញ់ទឹក បោសសំអាតជាប្រចាំ ហើយម្យ៉ាងទៀតនៅផ្លូវនេះមានដេប៉ូបែបនេះចំនួនបីអញ្ចឹងហើយមានឡានដឹកចេញចូលច្រើន»។
លោក ឌិត ទីណា បានបញ្ជាក់ទៀតថា «យ៉ាងណាក៏ដោយ ក្រុមការងារបានទុកពេលឲ្យម្ចាស់អាជីវកម្មចំនួនពីរសប្តាហ៍ ដើម្បីកែតម្រូវបច្ចេកទេសឲ្យកាន់ល្អប្រសើរជាងនេះទៅទៀត ក្រៅពីប្រពន្ធ័បង្ហូរទឹក នៅជុំវិញទីធ្លា ត្រូវមានស្ថានីយ៍លាងកង់ឡាន ឫ ប្រព័ន្ធទឹកសំរាប់បាញ់លាងកង់ឡាន មុននឹងចេញពីទីតាំងដាក់ខ្សាច់»។
លោក ឌិត ទីណា បានបញ្ជាក់ថា ខាងម្ចាស់អាជីវកម្ម មានការរៀបចំប្រព័ន្ធលូត្រឹមត្រូវ ដើម្បីបង្ហូរទឹកចេញ នៅពេលបូមម្តងៗនោះ តែយ៉ាងណាក៏ដោយលោកថា នៅមានចំណុចខ្វះខាតបន្តិចបន្តួច ដែលក្រុមការងារ ណែនាំឲ្យម្ចាស់អាជីវកម្ម ធ្វើការកែសម្រួលឡើងវិញ ដើម្បីរក្សាសណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងជាពិសេសនោះ គឺជះផលប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅរស់នៅក្បែរទីតាំងតែម្តង។
ជាការឆ្លើយតបខាងម្ចាស់ទីតាំងអាជីវកម្មបូមខ្សាច់មួយនេះ បានទទួលយក ហើយយល់ព្រមធ្វើការរៀបចំ បញ្ហាបច្ចេកទេសរបស់ខ្លួន កាន់តែល្អប្រសើរឡើង តបតាមការចង់បានរបស់មន្រ្តីជំនាញ៕