(ភ្នំពេញ)៖ លោក ទេព រិទ្ធីវិទ ជាកូនតំណាងអ្នកម្តាយ កែវ សញ្ញាម៉ូ និងក្រុមគ្រួសារសពលោក ហុង ស៊ុនហួត អតីតអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាពលោក ហុង ស៊ុនហួត។

លិខិតរបស់លោក ទេព រិទ្ធីវិទ បានសរសេរថា «ខ្ញុំបាទឈ្មោះ ទេព រិទ្ធីវិទ ជាកូនតំណាងអ្នកម្តាយ កែវ សញ្ញាម៉ូ និងក្រុមគ្រួសារ សូមសម្ដែងនូវការគោរព និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់មហាកិត្តិយសដ៏ឧត្តុង្គឧត្តម ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារខ្ញុំបាទតាមរយៈសាររំលែកទុក្ខ ចំពោះមរណភាពសពឪពុករបស់ខ្ញុំ ឯកឧត្តម ហុង ស៊ុនហួត ដែលបានទទួលមរណភាព នាថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទីព្រឹក ដោយរោគាពាធ ក្នុងជន្មាយុ៧៦ឆ្នាំ។

សារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ នូវទឹកចិត្តស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រួសារខ្ញុំបាទ យើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាននូវសន្តានចិត្តដ៏ប្រពៃថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឡើយ។

ខ្ញុំបាទ អ្នកម្ដាយ និងក្រុមគ្រួសារសូមបួងសួងដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមតាមជួយបីបាច់ ថែរក្សា និងប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការ ជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុវណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕