(ភ្នំពេញ)៖ ស្ត្រីរងគ្រោះដែលពេទ្យឯកជនកាយយកសាកសពទារកក្នុងផ្ទៃ ដោយទាំងពោះវៀនចេញមកក្រៅ ទៅព្យាបាលនៅរាជធានីបាងកក ប្រទេសថៃ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានត្រលប់មកព្យាបាលបន្ដនៅមន្ទីរពេទ្យកាល់ម៉ែតវិញហើយ កាលពីម៉ោងជាង៨យប់ថ្ងៃទី១១​ ខែមករា ឆ្នាំ២០២៣ ដោយមានស្ថានភាពសុខភាពល្អប្រសើរជាងមុន។

តាមការបញ្ជាក់របស់ស្រ្ដីរងគ្រោះជាកម្មការិនីកាត់ដេរឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះថា «សុខភាពខ្ញុំ បានធូរស្រាលច្រើនហើយ ក្រោយត្រលប់ពីព្យាបាលនៅប្រទេសថៃ ខ្ញុំមានអារម្មណ៍ត្រេកអរណាស់ ព្រោះបានជួបជាមួយក្រុមកគ្រួសារវិញ ពិសេសចង់ជួបកូនមុនគេ។ ចំពោះការព្យាបាលនៅមន្ទីរពេទ្យនៅរាជធានីបាងកកវិញ គឺមិនមានភាពមានខុសគ្នា ទៅនឹងការព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតនោះទេ ហើយក៏មិនទាន់តពោះវៀនដែរ»

ជុំវិញស្ថានភាពជំងឺរបស់ស្ដ្រីរងគ្រោះរូបនេះ លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា «កាលពីប្អូនស្រីរងគ្រោះបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ថ្ងៃដំបូងទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ គឺមានស្ថានភាពធ្ងន់ធ្ងរខ្លាំង ស្ទើរគ្មានសង្ឃឹមរស់នោះទេ តែក្រោយការខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមគ្រូពេទ្យយើង បានដណ្ដើមជីវិតប្អូនស្រីពីមាត់មច្ចុរាជបានវិញ រហូតដល់មានស្ថានភាពធូរស្រាល»

លោកសាស្ដ្រាចារ្យបានបន្ដថា ក្រោយក្រុមគ្រូពេទ្យយើង បានព្យាបាលគាត់ក្នុងរយៈពេល៣សប្ដាហ៍រួចមក គាត់មានស្ថានភាពធូរស្រាលផុតពីមាត់មច្ចុរាជហើយ តាមរយៈការផ្ដល់ចំណីអាហារតាមសរសៃ ឱ្យទឹកផ្សេងៗ ថ្នាំសម្លាប់មេរោគ។ បន្ទាប់ពីឃើញភាពធូរស្រាលក្រុមគ្រួសាររបស់គាត់ ចង់ឱ្យប្រពន្ធខ្លួនអាចពិសារអាហារបានតាមមាត់ ដូច្នេះនៅក្នុងករណីនេះ ទាល់តែធ្វើការបន្សាំពោះវៀន ដោយការយកពោះវៀនពីមនុស្សទៅផ្សុំា ដើម្បីយកទៅដាក់ ដែលជាបច្ចេកទេសមួយចុងក្រោយ ដើម្បីធ្វើឱ្យមានការហូបអាហារតាមមាត់បាន។ ដូច្នេះគ្រួសារគាត់លឺថានៅប្រទេសថៃ អាចតពោះវៀនបាន គាត់ក៏សុំអនុញ្ញាតខាងមន្ទីរពេទ្យកាល់ម៉ែត ទៅបន្ដការព្យាបាលនៅប្រទេសថៃ ដូច្នេះខាងពេទ្យយើងក៏អនុញ្ញាត ហើយបន្ដទាក់ទងជាប់ជាមួយគ្រូពេទ្យនៅថៃ ដើម្បីតាមដានសុខភាពអ្នកជំងឺ។

«ប៉ុន្ដែពេលទៅដល់ថៃ តាមរបាយការណ៍របស់ថៃ បានផ្ដល់ត្រលប់មកមន្ទីរពេទ្យកាល់ម៉ែត ពេទ្យនៅថៃថាមិនទាន់អាចធ្វើបាននៅឡើយទេ (ផ្សុំាពោះវៀន) ហើយពេទ្យនៅទីនោះ ក៏បន្ដការព្យាបាលបន្ដ ដូចអ្វីដែលមន្ទីរកាល់ម៉ែត ធ្វើជូនអ្នកជំងឺ»។ នេះតាមការបញ្ជាក់របស់សាស្ដ្រាចារ្យ។

លោកសាស្ត្រាចារ្យ ឡឹម តារា ថ្លែងបន្ដថា ពេលទៅព្យាបាលនៅថៃ គឺបានបន្ដបញ្ជូលអាហារតាមសសៃគ្រប់គ្រាន់ គាត់មានសុខភាពល្អ ពេទ្យបានឱ្យធ្វើលំហាត់ប្រាណឡើងវិញ ដើម្បីមានចលនា ដែលធ្វើឱ្យស្ថានភាពសុខភាពទប់ទល់ជាមួយនឹងការក្លែងរោគហ្នឹងបាន ហើយប្អូនស្រីបានឡើងគីឡូតិចតួច និងមានកម្លាំងអាចធ្វើចលនាខ្លួនឯងបានដែរខ្លះៗ។ ប៉ុន្ដែបញ្ហាដែលនៅសេសសល់នូវការលាងឈាម និងការលេចធ្លាយទឹកប្រម៉ាត់ គឺបន្ដមាននៅឡើយ ដែលយើងនឹងបន្ដធ្វើការថែទាំគាត់តាមស្ដង់អន្ដរជាតិបន្ថែមទៀត ព្រោះថានៅពេទ្យយើងមានប្រជុំទៅដោយគ្រូពេទ្យជំនាញទាំងខ្មែរ និងបរទេសផងដែរ។

លោកសាស្ដ្រាចារ្យបញ្ជាក់ថា «សម្រាប់ការបន្សុំាពោះវៀនវិញ មិនមានលក្ខណៈងាយស្រួលនោះ មានភាពស្មុគស្មាញដោយមិនដូចតាមការលើកឡើងរបស់មតិសាធារណៈជននោះទេ សូម្បីតែមន្ទីរពេទ្យនៅថៃ ក៏មានភាពស្រពិចស្រពិល ដោយបញ្ជាក់ប្រាប់មកពេទ្យយើងថា ឱ្យតាមដានសុខភាពស្ដ្រីរងគ្រោះខាងលើក្នុងរយៈពេល២ឆ្នាំសិន បើមានសភាពប្រសើរ មន្ទីរពេទ្យនៅថៃ និងពិចារណាលើករណីផ្សុំាពោះវៀននេះ»

លោកសាស្ដ្រាចារ្យបានបន្ថែមថា ដោយសារមានការជ្រោមជ្រែង យកចិត្ដទុកដាក់ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដាំផ្ញើដល់គ្រូពេទ្យយើង ត្រូវបន្ដយកចិត្ដទុកដាក់ ព្យាបាលតាមបច្ចេកទេសណាក៏ដោយ ទោះចំណាយថវិកាច្រើនប៉ុណ្ណា ក៏សម្ដេចទទួលរ៉ាប់រងឧបត្ថម្ភទាំងស្រុង។ ការយកចិត្ដទុកដាក់ និងផ្ដាំផ្ញើនេះធ្វើឱ្យក្រុមគ្រូពេទ្យយើងកាន់តែបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីព្យាបាលស្ដ្រីដ៏គួរអាណិតអាសូរនេះ អាចមានជីវិតរស់រានមានជីវិតឡើងវិញ ចំពោះការចំណាយលើការព្យាបាល មន្ទីរពេទ្យកាល់ម៉ែតមិនគិតប្រាក់នោះទេ។

គួររម្លឹកថា ដោយអារម្មណ៍តក់ស្លុត​ និងក្តីអាណិតអាសូរយ៉ាងពន់ពេកចំពោះករណីស្ត្រីរងគ្រោះធ្ងន់ធ្ងរ ក្រោយពេទ្យគ្លីនិកមួយកន្លែង​ បានកាយយកសាកសពទារកក្នុងផ្ទៃដោយទាំងពោះវៀនចេញមកក្រៅនោះ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ ចុះសួរសុខទុក្ខ ចូលរួមសោកស្តាយ​ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ​ ផ្លែឈើស្រស់​ ទឹកផ្លែឈើ និងថវិកាចំនួន​ ៥លានរៀល ជូនដល់គ្រួសារស្ត្រីឈ្មោះ​ សៀង​ ស្រីអូន​ អាយុ​ ២២ឆ្នាំ​ ដែលកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត និងចេញថ្លៃព្យាបាលទាំងស្រុងរហូតដល់ជាសះស្បើយ។

ប៉ុន្ដែបន្ទាប់ពីអ្នកជំងឺព្យាបាលបានធូរស្រាលមួយកម្រិតនៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងរយៈពេល៣សប្ដាហ៍ ត្រូវបានប្ដីស្ដ្រីរងគ្រោះខាងលើ បានអំពាវនាវបន្ដ ដើម្បីឱ្យបញ្ជូនប្រពន្ធខ្លួនទៅតពោះវៀននៅប្រទេសថៃ ខណៈនោះលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងនាមប្រធានមូលនិធិ ហោ ណាំហុង-បូរី ហោ បានសហការជាមួយ លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងលោកសាស្ត្រាចារ្យ លឹម ដារ៉ា ដើម្បីបញ្ជូនស្ត្រីរងគ្រោះបន្តទៅព្យាបាលនៅរាជធានីបាងកក ប្រទេសថៃ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ តែការតពោះវៀននេះ តាមបច្ចេកទេស ពេទ្យនៅថៃ គឺត្រូវការរយៈពេលតាមដានសុខភាពសិន២ឆ្នាំសិន ដែលធ្វើឱ្យការបញ្ជូនទៅព្យាបាលនៅថៃរយៈពេលមួយខែ មិនបានតពោះវៀននៅឡើយទេ នឹងបានបញ្ជូនស្រ្ដីរូបនេះ មកព្យាបាលបន្ដនៅមន្ទីរពេទ្យកាល់ម៉ែតវិញ នៅយប់ថ្ងៃទី១១​ ខែមករា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ៕