(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ និងការចាត់តាំងពីលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោកស្រី ឆាំ ម៉ារី សមាជិក និងជាអគ្គនាយិកា នៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋាន ចុះសម្របសម្រួលយកកុមារា ២នាក់ ដែលម្តាយរបស់គាត់កំពុងជាប់ឃុំ និងមិនមានសាច់ញាតិនៅខាងក្រៅអាចជួយយកទៅចិញ្ចឹមបីបាច់ថែរក្សាបាន។
ក្រុមការងារបានជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបំពេញបែបបទតាមនីតិវិធីរបស់ពន្ធនាគារ និងអង្គការ ដើម្បីនាំយកកុមារពីមណ្ឌលអប់រំកែប្រែទី២ (ម២) មកស្នាក់នៅរៀនសូត្រក្នុងអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា។
សូមជម្រាបផងដែរថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមណ្ឌលអប់រំកែប្រែទី២ (ម២) មានការយកចិត្តទុក្ខដាក់ខ្ពស់ដល់ការរស់នៅ និងអនាគតរបស់កុមារ កន្លងមក បានសហការគ្នាក្នុងការសម្របសម្រួលនាំយកកុមារចំនួន៦នាក់ មកស្នាក់នៅរៀនសូត្រក្នុងអង្គការខាងលើ។ បច្ចុប្បន្នកុមារចំនួន២នាក់ បានវិលទៅរស់នៅជុំសាច់ញាតិ និងក្រុមគ្រួសារវិញ ក្រោយពីម្តាយគាត់បានអនុវត្តទោសចប់សព្វគ្រប់។
នាឱកាសនោះផងដែរ ក្រុមការងារគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានចុះពិនិត្យមើលប្រអប់បណ្តឹងរបស់ គ.ស.ម.ក. ដែលបានដាក់នៅមណ្ឌលអប់រំកែប្រែទី១ (ម១) មណ្ឌលអប់រំកែប្រែទី២ (ម២) និងពន្ធនាគាររាជធានីភ្នំពេញ (PJ) ដោយទទួលបានបណ្តឹងមួយចំនួនយកមកពិនិត្យ និងដោះស្រាយ៕