(ភ្នំពេញ)៖ ជាការចំអកឲ្យមេបក្សប្រឆាំង លោក កឹម សុខា ដែលកំពុងអូសទាញអ្នកគាំទ្រមកការពារខ្លួនប្រឆាំង និងការអនុវត្តន៍ច្បាប់នោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា បើទោះបីសម្តេចជានាយករដ្ឋមន្រ្តីក៏ដោយ ក៏សម្តេចមិនយកអំណាចនេះ ទៅរារាំងនិងការអនុវត្តន៍ច្បាប់របស់សមត្ថកិច្ច ហើយសម្តេចរឹតតែមិនអាចទៅយកអ្នកគាំទ្ររាប់លាននាក់ មកការពារ និងប្រឆាំងការអនុវត្តន៍ច្បាប់របស់កម្លាំងសមត្ថកិច្ចនោះឡើយ។
បន្ទាប់ពីការចូលទៅបង់ការផាកពិន័យចំពោះកំហុសឆ្គងជិះម៉ូតូមិនពាក់មួកសុវត្ថិភាពនៅប៉ុស្តិ៍នគរបាលសង្កាត់ចតុមុខនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះសម្តេចបានបំពេញនូវកិច្ចការទាំងឡាយដែលច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានតម្រូវ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា នីតិវិធី និងបែបបទទាំងអស់ ដែលស្ថាប័នមានសមត្ថកិច្ចដាក់ឱ្យអនុវត្ត ត្រូវបានបំពេញយ៉ាងគ្រប់គ្រាន់ និងត្រឹមត្រូវ ចំពោះកំហុសឆ្គង ដែលសម្តេចបានប្រព្រឹត្តិកាលពីថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០១៦ នៅស្រុកស្រែអំបិល ខេត្តកោះកុង។
ទន្ទឹមនិងការបង្ហាញពីស្មារតីគោរពច្បាប់ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀងចំអកឲ្យមេបក្សប្រឆាំងផងដែរ។ សម្តេចតេជោថា សម្តេចនឹងត្រូវ ទទួលពិន័យ ឬទោសទណ្ឌផ្សេងទៀតប្រសិនបើសម្តេចប្រព្រឹត្តកំហុសដដែល ឬធ្វើអំពើខុសច្បាប់ណាផ្សេងទៀត ហើយអភ័យឯកសិទ្ធិសភា ឬអង្គរក្សការពារ មិនអាចជួយការពារកំហុសបានឡើយ ហើយសម្តេចរឹតតែមិនអាចយកអ្នកគាំទ្រមកការពារអំពើខុសច្បាប់នោះឡើយ។
មេបក្សប្រឆាំង ដែលសម្តេចនាយករដ្ឋមន្រ្តី ចំអកឲ្យនៅពេលនេះ គឺលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងគេចវេសពីការអនុវត្តន៍ច្បាប់ ដោយមិនព្រមចូលបំភ្លឺតាមការកោះហៅរបស់តុលាការ ដើម្បីបំភ្លឺលើសំណុំរឿងសញ្ចាកម្ម ហើយបានកៀងគរអ្នកគាំទ្រឲ្យមកការពារខ្លួនថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ «មិនអាចទៅយកអ្នកគាំទ្រខ្ញុំរាប់លាននាក់មកជួយការពារខ្ញុំ ប្រឆាំង និងការអនុវត្តច្បាប់ដោយកម្លាំង មានសមត្ថកិច្ចបានដែរ ទោះដោយការផ្តិតមេដៃ ឬញត្តិ ឬការហែរក្បួនបាតុកម្ម។ ខ្ញុំក៏មិនប្រើអំណាចនាយករដ្ឋមន្ត្រីរារាំងការអនុវត្តច្បាប់មកលើខ្លួនខ្ញុំនោះដែរ។ ខ្ញុំក៏មិនសុំគណបក្សបើកការប្រជុំ ដើម្បីសម្រេចថា ខ្ញុំត្រូវទទួលយកការផាកពិន័យពីនគរបាល ឬទេ?។ កំហុសរបស់អ្នកណា អ្នកនោះទទួលកុំនាំរឿងដល់អ្នកដទៃ។ សក់អ្នកណា ក្បាលអ្នកណឹង។ ស្មើភាពចំពោះមុខច្បាប់ និងគោរពច្បាប់ទាំងអស់គ្នា ទើបប្រទេសជឿនលឿន។ កុំអាងអំណាច កុំអាងទឹកលុយ កុំអាងអភ័យឯកសិទ្ធិ ដើម្បីគេចចេញពីសំណាញ់ច្បាប់»។
ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ចុងក្រោយទៀតថា ពេលសមត្ថកិច្ចអនុវត្តច្បាប់លើបុគ្គល ដែលប្រព្រឹត្តខុស កុំស្រែកថាជារឿងនយោបាយ កុំពឹងបរទេសមកលូកលាន់ច្បាប់ខ្មែរ។ ច្បាប់ គឺច្បាប់ ដែលជាសមត្ថកិច្ចតុលាការ និង មន្ត្រីនគរបាលយុត្តិធម៌ ឬសមត្ថកិច្ចផ្សេងទៀត ដែលច្បាប់បានចែងឱ្យអនុវត្ត៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖