(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅបំណងនៃការចង់ធ្វើបដិវត្តពណ៌នៅកម្ពុជាថា ជាភ្លើងចំបើង ហើយប្រកាសថា ពេលនេះ អ្នកនិយាយរឿងបដិវត្តពណ៌ បានស្ងាត់ឈឹងហើយ បន្ទាប់ពីឃើញបទពិសោធន៍វិនាសហិនហួច នៅប្រទេសមជ្ឈឹមបូព៌ា។ សម្តេចតេជោ បានហៅការធ្វើបដិវត្ត នៅលើពិភពលោក គឺជាការមើលឃើញខ្លីដូចកន្ទុយអណ្តើក, ដើម្បីផ្តួលរំលំមនុស្សម្នាក់ត្រូវស្លាប់មនុស្សជាច្រើន។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគ្រឹស្តបរិស័ទ «ដើម្បីសុខដុមនីយកម្មវិស័យគ្រីស្ទសាសនានៅកម្ពុជា» នៅសាលសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងគ្រិស្តបរិស័ទក្រឡែកមើលផលវិបាកនានា នៅក្រោយបដិវត្តពណ៌ក្នុងប្រទេសមួយចំនួន នៅតំបន់មជ្ឈមបូព៌ា។ សម្តេចថា «សូមអ្នកនិយាយអួតរឿងបដិវត្តពណ៌ចេញមកនិយាយទៀត ឥឡូវស្ងាត់ឱ្យឈឹង មូលហេតុអ្វីស្ងាត់ មកពីឃើញវាបរាជ័យគ្រប់កន្លែង»។ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យមើលទៅលើបដិវត្តពណ៌នៅ អឺរ៉ាក់ លីបី ទុយនេស៊ី អេហ្ស៊ីប និងស៊េរី ជាដើម។ ក្រោយពេលមានបដិវត្តពណ៌ប្រជាជនជួបការលំបាក។ លំហូរជនភៀសខ្លួនទៅអឺរ៉ុប ដែលកំពុងជះជាផលវិបាកធ្ងន់ធ្ងរ។
សម្តេចបានលើកឡើងបន្ថែមទៀតថា «មុននេះនៅពេលដែលអ៊ុយក្រែនមានបដិវត្តពណ៌ (គេ)សរសើរអ៊ុយក្រែន ចង់ធ្វើដូចនៅកម្ពុជា ខ្ញុំថាអញ្ជើញធ្វើទៅ ! ឥឡូវលែងហ៊ាននិយាយហើយ ដោយសារអ្វី ដោយសារតែបន្ទាប់ពីមានបដិវត្តនៅក្រុងកៀវ ប៉ុន្មានលើកប៉ុន្មានសារ ជាពិសេសលើកចុងក្រោយ តើអ៊ុយក្រែន បានអ្វីត្រឡប់មកវិញ បាត់ទាំងគ្រីមៀ ឥឡូវបទឈប់បាញ់រវាងគ្រីមៀ គេហៅថាកិច្ចព្រមព្រៀងក្រុងកៀវសម្រេចបានផលអ្វីទៅ អត់ទាំងអស់ អ្នកនិយាយពី បដិវត្តពណ៌លែងហ៊ានស្តី នេះជាការមើលខ្លីដូចកន្ទុយអណ្តើក»។
ទោះជាយ៉ាងណា នាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានដាក់វិធានការទប់ស្កាត់មិនឱ្យមានចលនាអនាធិបតេយ្យ ដូចប្រទេសនៅមជ្ឈឹមបូព៌ាឡើយ។ កន្លងទៅនិស្សិតម្នាក់ដែលអំពាវនាវឱ្យធ្វើបដិវត្តពណ៌ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ៕
សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖