(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំមួយ នាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ សប្តាហ៍ក្រោយនេះ ក្រោមអធិបតីភាព សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។ ក្នុងកិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅក្រោមរបៀបវារៈ៥ដូចខាងក្រោម៖
១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មាធិការទី៦ព្រឹទ្ធសភា សុំដាក់សេចក្ដីព្រាងច្បាប់ ស្ដីពីយុត្តិធម៌អនីតិជន ទៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៣
២- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មាធិការទី៣ព្រឹទ្ធសភា សុំដាក់សេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្ដីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ ទៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣
៣- អំពីនីតិវិធីនៃការប្រកាសទទួលស្គាល់ ឯកឧត្តម ខៀវ មត ជាសមាជិកព្រឹទ្ធសភាថ្មី ជ្រើសតាំងដោយរដ្ឋសភាជំនួស សម្ដេចរាជបុត្រី ព្រះរៀម នរោត្ដម បុប្ផាទេវី ដែលត្រូវបានទទួលភារកិច្ចថ្មី
៤- អំពីនីតិវិធីបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី១ ទី៤ និងទី៧ព្រឹទ្ធសភា
៥- កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៣៕