(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជូនណារ៉ុន បានក្រើនរំលឹកទៅដល់សិស្ស ដែលត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំនេះ គឺនៅតែត្រូវរឹតបន្តឹង និងតឹងរឹងដូចបណ្តាឆ្នាំកន្លងទៅដដែល។
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោងសាលារៀនជំនាន់ថ្មី សាលប្រជុំ និងសមិទ្ធផលនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ លោក ហង់ ជូនណារ៉ុន បានឲ្យដឹងថា ក្រសួងនឹងបន្តរឹតបន្តឹងវិន័យប្រឡងឱ្យដូចការប្រឡងក្នុងឆ្នាំ២០១៥ ដោយសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ សមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីរក្សាសន្តិសុខ និង សណ្ដាប់ធ្នាប់ ព្រមទាំងបើកឱកាសឱ្យអង្គការ សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធចូលរួមសង្កេតការណ៍។
ការប្រឡងនៅតែឈរលើជំហរបន្តរឹតបន្តឹងដូចឆ្នាំមុនដដែល ដោយឈរលើគោលការណ៍ ៤ចំណុច។ គោលការណ៍ ៤ចំណុច ដែលបន្តរក្សាដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា សម្រាប់ការប្រឡងបាក់ឌុប គឺការឈរលើការគោរពច្បាប់ តម្លាភាព យុត្តិធម៌ និង សុចរិតភាព។
លោករដ្ឋមន្ត្រី បានឲ្យដឹងផងដែរថា ដើម្បីឱ្យសិស្សបានត្រៀមខ្លួនជាមុនសម្រាប់ការប្រឡងនេះ ក្រសួងបានបញ្ចូលមេរៀនសង្ខេប ទាំងទ្រឹស្ដី ទាំងលំហាត់ ក្នុងគេហទំព័ររបស់ក្រសួង ដើម្បីឱ្យសិស្សសិក្សាស្វែងយល់ដោយខ្លួនឯង។ លោករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់សិស្សត្រៀមប្រឡងបាក់ឌុបទាំងអស់ ខិតខំរៀនសូត្រ ព្រោះក្រសួងនឹងឱ្យធ្លាក់ជាស្វ័យប្រវត្តិ ចំពោះបេក្ខជនមិនគោរពច្បាប់ និងនីតិវិធីប្រឡង។
ក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ មានចំនួន ១៨០មណ្ឌល ស្មើនឹង ៣,៧៨១បន្ទប់ នៅទូទាំងប្រទេស។ ក្រសួងបានឲ្យដឹងថា មណ្ឌលប្រឡងនៅឆ្នាំនេះ មានការកើនឡើង ៣០មណ្ឌល បើធៀបនិងឆ្នាំ២០១៥៕