(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាប់ចោទឈ្មោះ ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ក្រសួងសង្គមកិច្ច នៅមណ្ឌលអប់រំ (PJ) ជាបណ្តោះអាសន្ន ក្រោយចោទប្រកាន់កិបកេងថវិការដ្ឋ និងប្រាក់របបគោលនយោបាយជនពិការជាង៣៨ម៉ឺនដុល្លារ។
ភ្នាក់ងារព័ត៌មាន Fresh News បានដកស្រង់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញថា ជនត្រូវចោទរូបនេះ ត្រូវបានចោទប្រកាន់ពី «ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងសម្អាតប្រាក់» តាមមាត្រា៥៩៧ និងមាត្រា ៥៩៨ នៃក្រមព្រហ្មទណ្ឌ មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនហើយ ពាក់ព័ន្ធនឹងការកិបគេងថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចបញ្ជូនជនសង្ស័យ ឈ្មោះ ឡាយ សំណាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករានេះ ករណីកិបគេងថវិការដ្ឋជាង១,៥០០ លានរៀល (ជាង៣៨ម៉ឺនដុល្លារ) ក្នុងនោះមានទាំងការកិបគេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត៤ពាន់នាក់ផងដែរ៕