(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងអង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) លើគម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងសកម្មភាពមីន ដែលមានថវិកាសរុបចំនួន ១៧២.៧៩១ ដុល្លារអាមេរិក។
អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយលោក លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និងលោក Rune Dale-Andresen នាយកអង្គការ NPA ប្រចាំកម្ពុជា។
អនុស្សរណៈយោគយល់លើគម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងសកម្មភាពមីននេះ គ្របដណ្តប់លើការអនុវត្តសកម្មភាពធំៗចំនួន ៣ គឺ១/.សមត្ថភាពរបស់អង្គភាពទិន្នន័យ ២/.សមត្ថភាពរបស់ក្រុមត្រួតពិនិត្យគុណភាព និងទី៣/.សមត្ថភាពលើការរៀបចំផែនការយុទ្ធសាស្រ្ត។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន, លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនន័រវេស្សន៍ ដែលបានផ្តល់ការគាំទ្រដល់គម្រោងការ អភិវឌ្ឍន៍សមត្ថភាពក្នុងសកម្មភាពមីន ហើយគម្រោងនេះនឹងជួយជំរុញបង្កើនប្រសិទ្ធភាពការងារ និងលើកកម្ពស់កិត្យានុភាពរបស់ស្ថាប័នអាជ្ញាធរមីន ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងសម្របសម្រួលសកម្មភាពមីននៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តី បានសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីនទាំងអស់ នឹងផ្តល់នូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គការ NPA ក៏ដូចជាគ្រប់ភាគីពាកព័ន្ធទាំងអស់ ដើម្បីរួមគ្នាសម្រេច បាននូវទស្សនវិស័យដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ឆ្ពោះទៅរកកម្ពុជាមួយគ្មានមីនឆ្នាំ២០២៥ គ្មានជនរងគ្រោះ និងគ្មានសហគមន៍បន្តរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាបន្តដោះស្រាយហានិភ័យសំណល់ជាតិផ្ទុះសង្រ្គាមក្រោយឆ្នាំ២០២៥។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានចាត់អង្គការ NPA គឺជាដៃគូយុទ្ធសាស្ត្រ និងយូរអង្វែងគាំទ្រដល់សមត្ថភាពចាំបាច់របស់អាជ្ញាធរមីន ចាប់តាំងពីឆ្នាំ២០១៤។ ការគាំទ្រនេះអាចធ្វើទៅបានតាមរយៈការគាំទ្រ ផ្នែកហិរញ្ញវត្ថុដ៏សប្បុរសរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស- បរទេស Commonwealth & Development ការិយាល័យ (FCDO) និងក្រសួងការបរទេសន័រវេស (NMFA) តាមរយៈអង្គការ NPA Cambodia ក្នុងគោលបំណងធានាថា អាជ្ញាធរមីន មានសមត្ថភាព និងរឹងមាំក្នុងការគ្រប់គ្រង និងសម្របសម្រួលសកម្មភាពមីននៅកម្ពុជាប្រកបដោយប្រសិទ្ធភាព។
លោកទេសរដ្ឋមន្រ្តី បានកោតសរសើរយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់អង្គការ NPA ក្នុងការបន្តខិតខំធ្វើឱ្យប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ ២០២៥ និងកាត់បន្ថយផលប៉ះពាល់នៃគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះផ្សេង ទៀតនៃសង្គ្រាម។ ការប្តេជ្ញាចិត្តនេះ ស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការងារបោសសម្អាតមីនឲ្យអស់ពីកម្ពុជាឆ្នាំ ២០២៥ ដូចដែលបានបញ្ជាក់ជាថ្មីដោយសម្តេចតេជោនាយករដ្ឋមន្ត្រី របស់យើងនាពេលថ្មីៗនេះ។
លោកបន្តទៀតថា ជាមួយនឹងការខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្ន និងក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ការតាំងចិត្តដើម្បីកម្ពុជាគ្មានមីនឆ្នាំ ២០២៥ នឹងក្លាយជាការពិត ហើយការបន្តពង្រឹង និងរក្សាសមត្ថភាពរបស់អាជ្ញាធរមីន គឺជាកិច្ចការចាំបាច់មួយ៕