(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យសាសនាទាំងអស់ នៅកម្ពុជា រួមគ្នាការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងប្រទេស កុំឱ្យធ្លាក់ដុនដាបដូចប្រទេសមួយចំនួននៅមជ្ឈមបូព៌ា។ ជាមួយគ្នានេះសម្តេចបានជំរុញឱ្យមេដឹកនាំសាសនាទាំងអស់ មើលបទពិសោធន៍ដ៏អាក្រក់បំផុតនៃបដិវត្តពណ៌ នៅក្នុងប្រទេសទាំងនោះ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយគ្រិស្តសាសនិកប្រមាណ២ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នាល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចបានលើកឡើងថា បដិវត្តពណ៌ដែលកើតឡើងដោយខ្វះសាមគ្គីនៅអ៊ីរ៉ាក់ លីបី ទុយណេស៊ី អេហ្ស៊ីប និងប្រទេសរី ជាដើម បានធ្វើឱ្យមានវិបាកយ៉ាងខ្លាំងសម្រាប់ប្រជាជន និងប្រទេសជាតិ ដែលនេះជាកំហុសរបស់អ្នកនិយាយរឿងបដិវត្តពណ៌។ សម្តេចថា ប៉ុន្តែពេលនេះអ្នកដែលចូលចិត្តនិយាយរឿងបដិវត្ត បានបាត់បាត់ទៅហើយ ដោយសារតែ បទពិសោធន៍កន្លងមកពុំបានហុចផលប្រយោជន៍ល្អនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវផងដែរ ឱ្យមេដឹកនាំសាសនាទាំងអស់នៅកម្ពុជា ចេះបង្កើនសុខដុមរមនាទាំងអស់គ្នា ហើយកុំឱ្យប្រើមធ្យោបាយ ដើម្បីគៀបសង្កត់ផ្លូវចិត្តពលរដ្ឋ ឱ្យចូលកាន់សាសនា របស់ខ្លួន ដូចជាកំណត់ថា អ្នកចូលរៀននៅសាលាដែលបង្កើតឡើងដោយគ្រិស្តសាសនា ត្រូវតែកាន់សាសនាគ្រិស្តជាដើម។ សម្តេចថា សាសនាអាចឋិតឋេបាន លុះត្រាតែប្រជាពលរដ្ឋនៅមានជំនឿដោយគ្មានការបង្ខិតបង្ខំ។ សម្តេចឧទាហរណ៍ថា ប៉ុល ពត បានព្យាយាមកម្ទេចសាសនា តាមរយៈការបំផ្លាញវត្ត វិហារផ្សេងៗ ក៏ប៉ុន្តែក្រោយពេលផ្តួលប៉ុលពត សាសនាទាំងអស់បានរស់ឡើងវិញ ដោយសារតែប្រជាពលរដ្ឋ នៅតែមានជំនឿលើសាសនា ទើបមិនរលាយ។
សម្តេចតេជោ ក៏បានលើកសរសើរ គណបក្សប្រជាជនកម្ពុជាផងដែរ ដែលមានសមាជិកកាន់សាសនានានា ស្ទើតែគ្រប់សាសនា ក្នុងនោះមានព្រះពុទ្ធសាសនា សាសនាអ៊ីស្លាម និងគ្រិស្តសាសនាជាដើម។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចជាអ្នកកាន់ព្រះពុទ្ធសាសនា ប៉ុន្តែបានចូលរួមស្រាយបួសជាមួយ សាសនិកអ៊ីស្លាម និងជួបជុំជាមួយនឹង គ្រិស្តសាសនាថែមទៀត។ សម្តេចថា សម្តេចបានទទួលពរពីព្រះទាំងឡាយ ក្នុងនោះមានទាំងពរពីព្រះពុទ្ធ ព្រះអាល់ឡោះ និងព្រះគ្រិស្តផងដែរ៕
សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖