(ប៊ែកឡាំង)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅមុននេះបន្តិចបានឲ្យដឹងថា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានសម្ដែង «ការសោកស្ដាយយ៉ាងខ្លាំងបំផុត» បន្ទាប់ពីចក្រភពអង់គ្លេសសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប (EU)។
ជាមួយគ្នានោះផងដែរថា លោកស្រីអធិការបតី បានប្រកាសឲ្យដឹងថា លោកស្រីនឹងជួបប្រជុំជាមួយលោក Donald Tusk ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប, លោកប្រធានាធិបតីបារាំងលោក Francois Hollande និងលោក Matteo Renzi នាយករដ្ឋមន្ត្រីអ៉ីតាលី នៅក្នុងទីក្រុងប៊ែកឡាំង នាថ្ងៃចន្ទសប្តាហ៍ក្រោយ។
ដោយឡែក លោក Donald Tusk ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ក៏បានលើកឡើងផងដែរថា អង់គ្លេសគួរតែរៀបចំការចាកចេញរបស់ខ្លួនពី EU ឲ្យបានចាប់រហ័សបំផុត តាមតែអាចធ្វើទៅបាន។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃនេះចក្រភពអង់គ្លេស បានធ្វើការបោះឆ្នោតប្រជាមតិទៅលើការចាកចេញ ឬបន្តនៅក្នុងសហភាពអឺរ៉ុប ដោយជាលទ្ធផលគឺសំឡេងឆ្នោតគាំទ្រការចាកចេញទទួលបានសំឡេងច្រើន ហើយក្រោយពីប្រកាសចាកចេញពី EU ជាផ្លូវការភ្លាម លោក David Cameron ក៏បានប្រកាសលាលែងពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសភ្លាមៗផងដែរ៕