(ថៃ)៖ អាជ្ញាធរថៃ និងនគរបាលអន្តោប្រវេសន៍ខេត្តសាកែវ បានចុះឃាត់ខ្លួនពលករខ្មែរចំនួន១៦នាក់ និងមានកុមារ៦នាក់ទៀត ដែលកូនរបស់ពួកគាត់ ក្នុងសិប្បកម្មម្នាងសិលាចំនួន៣កន្លែង នៅឃុំសាលាលាំឌួន ទីរួមខេត្តសាកែវ ដោយចោទថាទៅធ្វើការគ្មានច្បាប់អនុញ្ញាត។
ទោះជាយ៉ាងណាមន្រ្តីស្ថានកុងស៊ុលខ្មែរប្រចាំខេត្តាកែវ បានជួយអន្តរាគមន៍ សម្របសម្រួល ព្រមទាំងជួយបញ្ជូនពួកគាត់ ឱ្យត្រឡប់មាតុភូមិកម្ពុជាវិញហើយ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស ដែលអង្គភាព ទទួលបាន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ។
សេចក្ដីប្រកាសបានឱ្យដឹងថា អាជ្ញាធរថៃបានចាប់ខ្លួនពលរដ្ឋខ្មែរចំនួន២២នាក់ ក្នុងសិប្បកម្មម្នាងសិលាចំនួន៣កន្លែង នៅឃុំសាលាលាំឌួន ទីរួមខេត្តសាកែវ ដែលពុំមានលិខិតឆ្លងដែន។ បន្ទាប់ពីបានទទួលព័ត៌មាននេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ បានចុះទៅទីស្នាក់ការនគរបាលអន្តោប្រវេសន៍ ដើម្បីអន្តរាគមន៍ជួយពលករខ្មែរទាំងនោះ ឱ្យបានវិលត្រឡប់មកកម្ពុជាវិញ។
តាមការទាមទាររបស់ស្ថានអគ្គកុងស៊ុល និងការសម្របសម្រួលរបស់អាជ្ញាធរថៃ ថៅកែថៃបានយល់ព្រមផ្តល់ប្រាក់ឈ្នួលពលកម្ម ដែលពុំទាន់បើកជូនពលករទាំង១៦នាក់ និងបានសន្យាបន្តទទួលយកពលករទាំង១៦នាក់ខាងលើ ឱ្យចូលធ្វើការស្របច្បាប់ក្នុងសិប្បកម្មរបស់គេ ពេលវិលត្រឡប់ពីធ្វើឯកសារឱ្យត្រឹមត្រូវនៅកម្ពុជាវិញ ហើយថែមទាំងយល់ព្រមចេញថ្លៃធ្វើឯកសារផ្សេងៗជាមុន ដោយបង់រំលស់ចំណាយទាំងនេះពីលើថ្លៃឈ្នួលពលកម្មរបស់ពលរដ្ឋទាំងនោះ នាពេលខាងមុខ៕