(កំពង់ធំ)៖ លោកស្រី លំ គន្ធារី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយសមាជិក គណៈកម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិ និងគណៈកម្មាធិការអនុសាខាស្រុកស្ទោង បានអញ្ជើញប្រគល់ផ្ទះ០៣ខ្នង មានទំហំ៣ម៉ែត្រ គុណ៤ម៉ែត្រ ជូនដល់គ្រួសារទីទ័លក្រចំនួន០៣គ្រួសារ។

គ្រួសារទីទ័លក្រទាំង៣គ្រួសារនេះ រួមមាន៖

១៖ ឈ្មោះ ស៊ុន លឿង ភេទប្រុស អាយុ៤៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិប្រាសាទឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។
២៖ ឈ្មោះ ម៉ន ភា ភេទប្រុស អាយុ៧១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិប្រាសាទ ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។
៣៖ ឈ្មោះ ឡាត ឈឿម ភេទស្រី រស់នៅភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ

ក្នុងឱកាសនោះ លោកស្រី ក៏ចែកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន៤៥គ្រួសារ ស្ថិតនៅឃុំព្រះដំរី និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។

លោកស្រី លំ គន្ធារី បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ និងគិតគូរពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន សម្ដេចទាំងពីរតែងតែផ្ដល់សម្ភារៈ និងគ្រឿងឧបភោគបរិភោគដល់គ្រួសារ ដែលមានជីភាពខ្វះខាត ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាមួយអត់ស្បៀងនោះឡើយ។

លោកថា ចំពោះប្រជាពលរដ្ឋពុំមានជម្រកសមរម្យបានផ្ទះនេះ គឺមិនទទួលបានទាំងអស់នោះទេ គឺផ្ដល់ជូនទៅតាមលទ្ធភាពរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ធ្វើការទាំងអស់នេះ បានមកពីរៃអង្គាសគ្នា ក្នុងការដោះស្រាយជីវភាពជូនដល់ពួកគាត់បានមួយកម្រិត។

លោកស្រីបន្តទៀតថា ថវិកាទទួលបានពីសប្បុរសជននានាមួយឆ្នាំម្ដង យកមកប្រើប្រាស់លើការងារមនុស្សធម៌ទាំងអស់នេះមានដូចជា សាងសងផ្ទះ ផ្ដល់ជាគ្រឿងឧបភោគបរិភោគ ចូលរួមការងារសង្គមផ្សេងៗមាន (ភ្លើងឆេះផ្ទះ គ្រោះទឹកជំនន់ គ្រោះរាងស្ងួត ជូនគ្រួសារដែលងាយរងគ្រោះ ចាស់ជរាស្ត្រីមេម៉ាយជាដើម)។

លោកថា សកម្មភាពការងារមនុស្សធម៌ ជាសកម្មភាពមួយរស់រវើកដែលកើតចេញពី សាខាកាកបាទក្រហមខេត្តតែងតែធ្វើគ្រប់សកម្មភាពទាំងអស់ ទីណាមានទុក្ខលំបាកទីនោះ តែងតែមានសាខាកាកបាទក្រហមខេត្តចុះជួយជានិច្ច ។

លោកស្រី បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមគឺ យកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ព្រោះរដូវនេះជារដូវរងារ និងងាយឆ្លងជំងឺផ្ដាសាយផងដែរ។ សូមឲ្យអាជ្ញាធរមូលដ្ឋាន ជួយពិនិត្យនិងតាមដានពីការចុះឈ្មោះបញ្ជីបោះឆ្នោត ព្រមទាំងជួយពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤៥គ្រួសារ ក្នុងគ្រួសារទទួលបាន៖ អង្ករ០១បេ មី០១កេស ត្រីខ០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួរ និងឃីត០១កញ្ចប់ សម្រាប់គ្រួសារទទួលផ្ទះមាន (ឆ្នាំងបាយ ឆ្នាំងសម្លរ និងកន្ទេល) ផងដែរ៕