(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យប្រតិភូស្ថានទូតថៃ ដឹកនាំដោយលោក ឆឺតកៀត អាត់ថាក័រ ឯកអគ្គរាជទូតថៃថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អថែមទៀត រវាងប្រទេសទាំង២ ពិសេសខេត្តនៅជាប់ព្រំដែន។

លោក អ៊ុំ រាត្រី បានថ្លែងកោតសសើរ និងថ្លែងអំណរគុណ ចំពោះស្ថានទូតថៃប្រចាំកម្ពុជា ដែលកន្លងមកបានពង្រឹងចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ ជាពិសេសខេត្តនៅជាប់ព្រំដែន រួមទាំងខេត្តបន្ទាយមានជ័យផងដែរ ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាម បណ្តោយ ព្រំដែន និងបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសទាំងពីរ ដោយស្មើភាពនិងស្មោះត្រង់

លោកបន្ដថា ជាក់ស្តែងនាពេលកន្លងមក ទោះបីនៅក្នុងកាលៈទេសៈនៃការរីករាល ដាលនៃជំងឺកូវីដ១៩ ក៏សកម្មភាពពាណិជ្ជកម្មដោះដូរទំនិញរវាងប្រទេសទាំងពីរនៅតែមាន ដំណើរការឥតអាក់ហើយភាពជិតស្និទ្ធនេះ ក៏នឹងបន្តពង្រឹងនិងពង្រីកបន្ថែមទៀត ជាលំដាប់ត ទៅអនាគតនោះ។

លោកបានលើកឡើងថា ប្រទេសទាំង២ មានយន្ដការកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដូចជាគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ ដែលមានរដ្ឋមន្រ្តីការពារជាតិទាំង២ ជាប្រធាន និងគណៈកម្មាធិការកំណត់ព្រំដែន កម្ពុជា-ថៃ ព្រមទាំងការប្រជុំអភិបាលខេត្តជាប់ព្រំដែន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងមិត្តភាព និងដោះស្រាយបញ្ហាតាមព្រំដែន រវាង ប្រទេសទាំង២។

លោក ឆឺតកៀត អាត់ថាក័រ បានសន្យាថា នឹងខិតខំជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត រវាងប្រទេសទាំង២ ជាពិសេសបណ្តា ខេត្តជាប់ ព្រំដែន រួមទាំងខេត្តបន្ទាយមានជ័យផងដែរ ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន ឲ្យបានកាន់តែល្អប្រសើរឡើង ប្រកបដោយការស្រឡាញ់រាប់អានគ្នា ស្គាល់សុខទុក្ខគ្នាទៅវិញទៅមក ដែលជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា៕