(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំគ្រឹស្តបរិស័ទជាច្រើន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់របស់សម្តេច៖

* ស​ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យមានការជួបជុំជាមួយគ្រិស្តបរិស័ទរៀងរាល់១ឆ្នាំម្តង។ សម្តេចបានជំរុញឱ្យ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដើម្បីរៀបចំនិងកំណត់ពេលវេលាឱ្យបានសមរម្យ សម្រាប់ពិធីជួបជុំជាមួយគ្រិស្តសាសនិកជនជាមួយ នាយករដ្ឋមន្រ្តីកម្ពុជា រៀងរាល់ឆ្នាំ។

* សម្តេចតេជោ បានអះអាងថា គណបក្សប្រជាជនកម្ពុជា មានស​មាជិកកាន់សាសនានានា ស្ទើរតែគ្រប់សាសនា ក្នុងនោះមានព្រះពុទ្ធ សាសនា សាសនាអ៊ីស្លាម និងគ្រិស្តសាសនាជាដើម។ ស​ម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចជាអ្នកកាន់ព្រះពុទ្ធសាសនា ប៉ុន្តែបានចូលរួមស្រាយបួសជាមួយ សាសនិកអ៊ីស្លាម និងជួបជុំជាមួយនឹង គ្រិស្តសាសនាថែមទៀត។ សម្តេចថា សម្តេចបានទទួលពរពី ព្រះទាំងឡាយ ក្នុងនោះមានទាំងពរពីព្រះពុទ្ធ ព្រះអាល់ឡោះ និងព្រះគ្រិស្តផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតឱ្យគ្រិស្តសាសនិកជន១៣នាក់ ​មកពីខេត្តប៉ៃលិន ថតសែលហ្វី នៅក្នុងពិធីជួបជុំគ្រិស្ត បរិស័ទនៅយប់នេះ។ សម្តេចបានអះអាងថា គ្រិស្តសាសនិក១៣នាក់មកពីខេត្តប៉ៃលិននោះ បានស្នើសុំថតសែលហ្វីជាមួយ សម្តេចតាមរយៈ Facebook កាលយប់មិញ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យគ្រប់សាសនាទាំងអស់នៅកម្ពុជា កុំមានទំនាស់ជាមួយគ្នា ត្រូវធ្វើល្អជាមួយគ្នា, គ្រប់សាសនា ទាំងអស់ មិនបានណែនាំឲ្យធ្វើអំពើអាក្រក់នោះទេ។

*​ សម្តេចតេជោ ហ៊ុន​ សែន បានអំពាវនាវកុំឱ្យមានជម្លោះផ្នែកសាសនា។ នៅប្រជុំអាស៊ានខ្ញុំនិយាយត្រង់ ដែលពាក់ព័ន្ធនឹងរូបថ្លុក ដែលបោះពុម្ភនៅអឺរ៉ុប។ សុំកុំឱ្យយកព្រះអាល់ឡោះ ឬព្រះគ្រឹស្ត ទៅគូសគំនូសថ្លុក ដែលធ្វើនេះនឹងបញ្ឆេះកំហឹងផ្នែកសាសនា។

* សម្តេចតេជោ ហ៊ុន សែន បានអះអាងថា អ្នកនិយាយរឿងបដិវត្តពណ៌ពេលនេះបានបាត់ទៅហើយ ដោយសារតែបទពិសោធន៍កន្លងមក បដិ​វត្តពណ៌ពុំបាន ហុចផលប្រយោជន៍ល្អនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យមើលទៅលើបដិវត្តពណ៌នៅ អឺរ៉ាក់ លីបី ទុយនេស៊ី អេហ្ស៊ីប និងស៊េរី ជាដើម។ ក្រោយពេលមានបដិវត្តពណ៌ ប្រជាជនជួបការលំបាក។ លំហូរជនភៀសខ្លួនទៅអឺរ៉ុប ដែលកំពុង ជះជាផលវិបាកធ្ងន់ធ្ងរ។

* សម្តេចតេជោ ហ៊ុន​ សែន បានអំពាវនាវឱ្យមេដឹកនាំសាសនាទាំងអស់នៅកម្ពុជា កុំឱ្យប្រើប្រាស់មធ្យោបាយផ្សេងៗដើម្បីគៀបសង្កត់ផ្លូវចិត្ត ពលរដ្ឋ ឱ្យចូលកាន់សាសនារបស់ខ្លួន។ សម្តេចថា សាសនាអាចឋិតឋេបាន លុះត្រាតែប្រជាពលរដ្ឋនៅមានជំនឿ។ សម្តេចឧទាហរណ៍ថា ប៉ុល ពត បានព្យាយាម កម្ទេចសាសនា តាមរយៈការបំផ្លាញវត្ត វិហារផ្សេងៗ ក៏ប៉ុន្តែក្រោយពេលផ្តួលប៉ុលពត សាសនាទាំងអស់បានរស់ ឡើងវិញ ដោយសារតែប្រជាពលរដ្ឋ នៅតែមានជំនឿលើសាសនា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ១៦៖៥៨នាទី !៕