(ភ្នំពេញ)៖ ស្របតាមអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការគិតគូរយកចិត្តទុកដាក់ ដល់សុខភាព និងអាយុជីវិត របស់ប្រជាពលរដ្ឋនោះ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បាននាំយកកុមារកំព្រា ដែលកំពុងស្នាក់នៅក្នុងមណ្ឌលកូលាបទី៤ និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី ទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤ និងទី៥។
លោកស្រីប្រធាន បានឲ្យដឹងថា កុមារកំព្រា និងស្រស់នៅក្នុងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី និងមណ្ឌលកុមារកំព្រាកូលាបទី៤ មានសរុបចំនួន ១៣១នាក់ (កុមារី ៥០នាក់)។
លោកស្រីប្រធាន បានប្រាប់ក្មួយៗកុមារកំព្រាថា ក្រោមការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន ពីសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សម្តេច បានស្វែងរក វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ពិសេសក្មួយៗកុមារកំព្រា ចាប់ពីដូសមូលដ្ឋាន ដល់ដូសជំរុញ និងពេលនេះ ក្មួយៗទទួលបានដូសទី៤ និងទី៥
ដោយឥតគិតថ្លៃ ។
លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា កុមារកំព្រា ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ បានគ្រប់គ្នាទាំងអស់ ក្នុងនោះ រួមមាន ៖
* កុមារកំព្រា មានអាយុចាប់ពី០២ឆ្នាំ-១១ឆ្នាំ បានចាក់វ៉ាក់សាំងកូវីត ១៩ ដូស ទី៣ រួច។
* កុមារកំព្រាមានអាយុចាប់ពី១២ឆ្នាំ-១៨ឆ្នាំ បានចាក់វ៉ាក់សាំងដូសទី៤ និងទី៥ដង រួច។
ក្នុងមណ្ឌលទាំងពីរកុមារកំព្រា មានអាយុចាប់ពី៖ អាយុកុមារ ០២ឆ្នាំ-០៥ ឆ្នាំ សរុបចំនួន២៣នាក់ (កុមារី១១នាក់), អាយុកុមារពី០៦ឆ្នាំ-១៥ឆ្នាំ សរុបចំនួន ៥២នាក់ (កុមារី២៥នាក់), អាយុកុមារពី ១៦ ឆ្នាំ-១៧ឆ្នាំ សរុបចំនួន៥៣នាក់ (កុមារី១២នាក់) និងអាយុកុមារពី ចាប់ពី ១៨ឆ្នាំឡើងទៅ សរុបចំនួន៣នាក់ (កុមារី០៣នាក់)។
ក្នុងឱកាសនោះ លោកស្រី ក៏បានណែនាំដល់កុមារកំព្រាទាំងអស់ ក្មួយៗត្រូវគិតគូរពីសុខភាព រស់នៅមានអនាម័យ បន្តចូលរួមទប់ស្កាត់ និងការពារ ជំងឺរាតត្បាត កូវីដ-១៩ទាំងអស់គ្នា ព្រោះវាមិនទាន់ទៅឆ្ងាយពីយើងគ្រប់គ្នានៅឡើយទេ៕