(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញអំពីមូលហេតុនៃការធ្វើកំណែទម្រង់ មិនថាតែវិស័យអប់រំ, កសិកម្ម ឬវិស័យណាមួយនោះទេ គឺដើម្បីដើរទាន់ស្ថានការណ៍របស់សកល។

ការលើកឡើងរបស់លោក ហ៊ុន ម៉ានី ធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

តាមរយៈ Facebook លោក ហ៊ុន ម៉ានី បានធ្វើការពន្យល់ដូចខាងក្រោម៖

ហេតុអ្វីត្រូវការកែទម្រង់? តើការកែទម្រង់បានន័យថា អ្វីពីមុនដំណើរការមិនបានល្អមែនទេ?

ថ្ងៃនេះនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ខ្ញុំសូមលើកយកជ្រុងមួយនៃការកែទម្រង់ក្នុងបរិបទកម្ពុជាមិនថាក្នុងវិស័យអប់រំ ឬវិស័យកសិកម្ម ឬវិស័យណានោះទេ ទាំងផែនការ ទាំងវិធីសាស្ត្រ ទាំងបច្ចេកទេសរៀន និងបង្រៀន រួមទាំងមាតិកានៃមេរៀនផងដែរ។

កត្តាមួយ ក្នុងកត្តាជាច្រើនដែលទាមទារឲ្យមានការកែទម្រង់នោះ មិនមែនបានន័យថាអ្វីដែលយើងធ្វើកន្លងមកមិនល្អនោះទេ កម្ពុជាបានធ្វើកិច្ចការល្អច្រើនណាស់ តែយើងមានមហិច្ឆតាចំពោះជាតិ និងប្រជាជន លើសនេះទៅទៀត ហើយយើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។

កត្តាមួយនោះគឺជា ការឆ្ពោះទៅមុខរបស់កម្ពុជាក្នុងកាលៈទេសៈនៃការវិវឌ្ឍសង្គមសេដ្ឋកិច្ចសាកល ទាំងចំណេះជំនាញក្នុងសតវត្សទី២១ផង ទាំងដំណាក់កាលនៃសាកលភាវូបនីយកម្មផង ទាំងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០ ផង និងដើម្បីតម្រូវឲ្យសមស្របជាមួយទីផ្សារការងារ និងសេដ្ឋកិច្ចជាសាកលផង។

ដូច្នេះ រាល់ការចូលរួម និងគាំទ្រក្នុងដំណើរការកែទម្រង់ពិតជាមានសារៈសំខាន់។ ប្រសិនបើយើងមិនមានការកែសម្រួល ឬកែទម្រង់ទេនោះ យើងប្រាកដណាស់នឹងអាចរត់ក្រោយគេ ឬតាមមិនទាន់ស្ថានការណ៍នៃដំណើរទៅមុខរបស់សង្គមសាកល ដែលទាមទារជារៀងរាល់ថ្ងៃ ហើយទាំងនេះក៏ទាមទារឲ្យយើងទាំងអស់គ្នាកាន់តែខិតខំប្រឹងប្រែងធ្វើវឌ្ឍនភាពខ្លួនឯងបន្ថែមទៀតផងដែរ៕