(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសរំលេចថា ក្រសួងកំពុងពិភាក្សាជាមួយវិស័យឯកជន រៀបចំចំណតរថយន្តក្រុងនៅក្រៅរាជធានី ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់បែបនេះ ក្នុងពេលអនុញ្ញាតឱ្យប្រតិភូសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបសម្តែងការគួរសមនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនប្រតិភូ សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ឱ្យបានជ្រាបពីការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការពង្រឹង និងពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បើទោះបីជាជួបប្រទះវិបត្តិជម្ងឺកូវីដ១៩ក៏ដោយ។ ជាក់ស្តែងកន្លងមកថ្មីៗនេះ គម្រោងសាងសង់ស្ពាន ក៏ដូចជាគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាច្រើន ត្រូវបានប្រារព្ធពិធីប្រកាសបើកការដ្ឋានជាបន្តបន្ទាប់។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ក្នុងរយៈពេល១០ឆ្នាំយ៉ាងយូរ ខ្សែផ្លូវជាតិ ផ្លូវខេត្ត នៅក្នុងប្រទេសកម្ពុជា នឹងត្រូវប្រែក្លាយជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ទាំងអស់ ហើយមានទំហំទ្រូងផ្លូវយ៉ាងតិច ១២ម៉ែត្រ ឬ ៤គន្លង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានសិក្សា និងចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌរួចរាល់ ហើយគ្រោងនឹងចុះហត្ថលេខាលើកិច្ច ព្រមព្រៀងសម្បទាននៅខែក្រោយ ក្នុងពេលដែលសម្តេចតេជោ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ ប្រទេសចិន លើសពីនេះទៅទៀត គម្រោងផ្លូវល្បឿនលឿនថ្មីមួយទៀតភ្នំពេញ-សៀមរាប ក៏កំពុងសិក្សាផងដែរ។

ភ្ជាប់ជាមួយការលើកឡើងអំពីគម្រោងផ្លូវល្បឿនលឿនទាំងនេះ លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរទៅកាន់សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ឱ្យជួយជំរុញការដឹកជញ្ជូន តាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ហើយទាក់ទងនឹងសំណូមពរនេះដែរ សមាគមសូមធ្វើការគាំទ្រ និងចូលរួមជំរុញឱ្យប្រតិបត្តិករផ្តល់សេវាដឹកជញ្ជូនងាកមក ប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឱ្យបានច្រើន។

ក្នុងឱកាសនោះ លោកបណ្ឌិត ឆឹម ចំណាន ប្រធានសមាគម បានបញ្ជាក់អំពីការចូលរួមប្រើប្រាស់ផ្លូវល្បឿនលឿន នាពេលកន្លងទៅ និងសន្យាថា នឹងបន្តជំរុញការប្រើប្រាស់ឱ្យកាន់តែច្រើនជាងនេះទៅទៀត។

ទន្ទឹមគ្នានោះ លោកបណ្ឌិត ក៏បានសំណូមពរមកកាន់ក្រសួង ជំរុញឱ្យមានការរៀបចំចំណតរថយន្តក្រុងបន្ថែម។

ពាក់ព័ន្ធសំណើនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រសួងដោយសហការជាមួយវិស័យឯកជន កំពុងសិក្សាលើគម្រោងរៀបចំ ចំណតរថយន្តក្រុងនៅក្រៅរាជធានី ដើម្បីបញ្ចៀសការចរាចរណ៍រថយន្តក្រុងធំៗចូលក្នុងទីក្រុង ដែលជាហេតុនាំឱ្យមានកកស្ទះ។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានធ្វើការសំណូមពរឱ្យសមាគមជំរុញការប្រើប្រាស់ រថយន្តដើរដោយថាមពលអគ្គិសនី ឱ្យបានច្រើនក្នុងវិស័យដឹកជញ្ជូន សំដៅចូលរួមជាមួយរាជ រដ្ឋាភិបាលក្នុងយុទ្ធនាការអព្យាក្រិត្យកាបូន ដើម្បីថែរក្សាបរិស្ថានឱ្យបានគង់វង្សយូរអង្វែង។

លោក ស៊ុន ចាន់ថុល បានជម្រាបពីទីតាំងស្ថានីយបញ្ចូលថាមពលអគ្គិសនី ដែលកំពុងដាក់ឱ្យដំណើរការនាពេលបច្ចុប្បន្ន និងផែនការក្នុងការបន្តពង្រាយឱ្យបានច្រើននៅពាសពេញផ្ទៃប្រទេស។

ក្រៅពីការជជែកពិភាក្សាអំពីវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវគោក លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគម្រោងដែលក្រសួងកំពុងសិក្សា គឺការលើកកម្រិតគុណភាពផ្លូវដែក និងការដឹកជញ្ជូនតាមផ្លូវទឹក។

សូមជម្រាបថា ក្រសួងកំពុងសិក្សាគម្រោងដឹកជញ្ជូនតាមផ្លូវទឹក ដោយមិនចាំបាច់ឆ្លងកាត់តាមកំពង់ផែវៀតណាម ហើយប្រសិនបើគម្រោងនេះសម្រេចបាន វានឹងក្លាយជាគម្រោងប្រវត្តិសាស្រ្ត ដែលផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល នៅលើវិស័យដឹកជញ្ជូនតាមផ្លូវទឹកផងដែរ៕