(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០២២ ស៉ីម៉ាក់បានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ បានជាង ១៩៤គីឡូម៉ែត្រក្រឡា និងកម្ទេចចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ៦១,៤៧៧គ្រាប់។

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅទីបញ្ជាការស៉ីម៉ាក់ភ្នំពេញ បានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅផែនការសមាហរណកម្មការងារឆ្នាំ២០២៣ ហើយសិក្ខាសាលានេះដែរ មានការចូលរួមពីថ្នាក់ដឹកនាំមកពីកងឯកភាព និងអង្គភាពជំនាញនានា។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៉ីម៉ាក់ បានឲ្យដឹងថា «កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ទភណ្ឌសង្គ្រាមរបស់អង្គភាពស៉ីម៉ាក់ ឆ្នាំ២០២២កន្លងទៅនេះ ទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយបានបោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានជាង ១៩៤ គីឡូម៉ែត្រក្រឡា ស្មើនឹង៩១,៤ភាគរយ គិតជាតំបន់ចម្ការមីនមានចំនួយជាង ៣៤០​ និងរំដោះភូមិគ្មានមីនបានចំនួន ១៦៨ភូមិ​ និងរំដោះគ្មានខេត្តគ្មានមីនចំនួន ៩ខេត្ត/រាជធានី​ ក្នុងនោះរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន​ ៦១,៤៧៧ គ្រាប់»

លោក ហេង រតនា បានបន្តទៀតថា លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ បានផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ និងប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៣ម៉ឺនគ្រួសារ សម្រាប់ដីលំនៅដ្ឋាន​ ដីកសិកម្ម​ និងគាំទ្រការអភិវឌ្ឍក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនេះ ក៏បានធ្វើការផ្សព្វផ្សាយអប់រំយល់ដឹងពីមីន ដល់ក្រុមគោលដៅបានចំនួន ២២.៧៦៥លើក មានមនុស្សចូលរួមសរុបចំនួន ១.៣៤២.៧៩៤នាក់។ ជាការពិតណាស់​ សមិទ្ធផលដែលសម្រេចបានខាងលើនេះ ដោយសារតែបានទទួលជំនួយគាំទ្រយ៉ាងពេញទំហឹងពីដៃគូអភិវឌ្ឍន៍​ និងជាពិសេសពីសម្តេចតេជោ​ ទាំងទស្សនដឹកនាំ​ សម្ភារបច្ចេកទេស និងថវិកា។

បើតាមលោក ហេង រតនា ក្នុងឆ្នាំ២០២៣នេះ អង្គភាពស៉ីម៉ាក់មានផែនការបោសសម្អាតរំដោះផ្ទៃដីចម្ការមាន និងចម្ការគ្រាប់ចំនួនជាង ២៦៨ គីឡូម៉ែត្រក្រឡា និងអាចមានលទ្ធភាពពង្រីកបន្ថែមដល់ប្រមាណ ៣០០គីឡូម៉ែត្រក្រឡា និងត្រៀមឆ្លើយតបតាមសំណើរសុំអន្តរាគមន៍បន្ទាន់ៗមួយចំនួនតាមភារកិច្ចចាំបាច់ ដើម្បីធានាសេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ៕