(ជប៉ុន)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានរៀបចំពិធីបើកកម្មវិធីរៀបចំព្រឹត្តិការណ៍នានា សម្រាប់រំលឹក និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នៅ ASEAN JAPAN CENTRE នាទីក្រុងតូក្យូ ប្រទេសជប៉ុន។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ថ្លែងសន្ទរកថាអបអរសារទរ ដោយលោក Takagi Kei អនុរដ្ឋមន្រ្ដីការបរទេសជប៉ុន និងលោក Imamura Masahiro ប្រធានសម្ព័ន្ធមិត្តភាពសភាកម្ពុជា-ជប៉ុន ដោយមានការចូលរួមផងដែរពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណ១០០នាក់ ក្នុងនោះមាននិស្សិត និងតំណាងសហគមន៍ខ្មែរ សមាជិកសភាជប៉ុន តំណាងក្រសួងការបរទេសជប៉ុន តំណាងក្រសួងជំនាញមួយចំនួន តំណាងសភាពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជនជប៉ុននានា។
ថ្លែងក្នុងឱកាសនោះលោក ទុយ រី បានថ្លែងថា ចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងជប៉ុន បានបង្កើតឡើងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣ ហើយត្រូវបានចាប់ផ្តើមតាំង ពីព្រះរាជទស្សនកិច្ចរបស់អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នរោត្តមសីហនុ នៅប្រទេសជប៉ុន ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរ រហូតមកដល់ពេលបច្ចុប្បន្ននេះ ត្រូវបានពង្រឹង និងពង្រីកកាន់តែរឹងមាំ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច របស់ថ្នាក់ដឹកនាំរាជវង្ស ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ រវាងប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ សុខាភិបាល អប់រំ យោធា និងសន្តិសុខ។
ជាមួយចំណងមិត្តភាពលើកទី៧០នេះ លោក ទុយ រី ជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងជប៉ុន នឹងត្រូវបានពង្រឹង និងពង្រីកថែមទៀតអោយកាន់តែស៊ីជម្រៅក្នុងវិស័យជាច្រើន ហើយការផ្លាស់ប្តូរទំនាក់ទំនងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរ នឹងត្រូវបានលើកកំពស់ជាបន្ត ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈការចូលរួមព្រឹត្តិការណ៏រំលឹកខួប ទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២៣ នេះ។
លោក Takagi Kei អនុរដ្ឋមន្រ្ដីការបរទេសជប៉ុន បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពកម្ពុជា-ជប៉ុន បានយ៉ាងល្អ ពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ២០២៣នេះ ដែលត្រូវបានយល់ព្រមដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក គីស៊ីដា ហ្វូមិអូ នាយករដ្ឋមន្ត្រីជប៉ុន ក្នុងឧកាសជំនួបកំពូលទ្វេភាគីរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីក្រុងភ្នំពេញ។
លោក Imamura Masahiro ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា បានរៀបរាប់ អំពីកិត្យានុភាព របស់រាជរដ្ឋាភិបាលកម្ពុជាលើឆាកអន្តរជាតិ នាឆ្នាំ២០២២ មានដូចជាការទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងកក់ក្តៅបំផុត នៅវិមានរដ្ឋាភិបាលបារាំង អេលីហ្សេ ដោយលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ ២០២៣ ព្រមទាំងការចូលរួមរបស់ប្រធានាធិបតីនានា នៃប្រទេសដៃគូអាស៊ាន ជាពិសេសការចូលរួមរបស់លោក Joe Biden ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីខែវិច្ឆិកា ២០២២ ជាពិសេសទំនាក់ទំនងដ៏ជិតស្និទ្ធ រវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Joe Biden ក្នុងឧកាសនោះ។
ពិធីខាងលើនេះបានប្រព្រឹត្តិ ទៅប្រកបដោយបរិយាកាសរីករាយ មិត្តភាព និងស្និទ្ធស្នាលក្រៃលែង៕