(កំពត)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ព្រែកត្នោត ក្រុងបូកគោ បានថ្លែងថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយដែលកម្ពុជាមានរយៈពេល ២៤ឆ្នាំមកនេះបានផ្តល់ឱកាសពេញលេញដល់ កម្ពុជាក្នុងការកសាង និងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនលើគ្រប់វិស័យ បង្កើតការងារជូនប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រជាពលរដ្ឋរស់ក្នុងភាពសុខសាន្ត និងសុខដុមរមណីយ កម្មសង្គម។

ការថ្លែងរបស់លោក នេត្រ ភក្ត្រា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសចូលរួមជាអធិបតីវេទិកាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

វេទិកាសាធារណៈដែលរៀបចំឡើងដើម្បីចូលរួមតាមដានការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងចូលរួមដោះស្រាយសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និងប្រកបដោយ ប្រសិទ្ធភាព មានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសរុបជាង ១០០នាក់ ដោយក្រុមការងារបានចូលរួមដោះស្រាយ និងឆ្លើយតបនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសកម្ពុជា បានចាកចេញពីប្រទេសដែលមានសង្គ្រាមរ៊ាំរ៉ៃមកជាប្រទេស មានសុខសន្តិភាពពេញ លេញក្រោមការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កេរ្តិ៍ឈ្មោះ និងកិត្យានុភាពជាតិខ្មែរល្បីរន្ទឺនៅលើពិភពលោក។

លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារថែរក្សាសុខសន្តិភាព ស្ថិរភាពនយោ បាយដែលកម្ពុជារកបានដោយពិបាកនេះឱ្យស្ថិតស្ថេរគង់វង្សជាអមតៈ សម្រាប់ជាប្រយោជន៍ មនុស្សរាប់ជំនាន់តទៅមុខទៀត ដោយប្រកាសប្រឆាំងដាច់ខាតក្រុមក្បត់ជាតិ ៣ជំនាន់ ដោយមិនអនុញ្ញាតឱ្យមានការបំផ្លិចបំផ្លាញសុខសន្តិភាពនេះឡើយ។

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានផ្តល់សេចក្តីទុកចិត្តដល់ក្រុមការងារ អាជ្ញាធរមូលដ្ឋាន ជាពិសេសផ្តល់ជំនឿទុកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គ្រប់កាលៈទេសៈ ក្នុងបម្រើប្រជាពលរដ្ឋ ដឹកនាំ អភិវឌ្ឍប្រទេស ហើយគ្មានគណបក្សណាមួយអាចមកជំនួសគណបក្សប្រជាជនកម្ពុជាបានឡើយក្នុងការការពារថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិ និងប្រជាជន។

លោកបានរំឭកឡើងថា សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានយកជីវិតធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបខ្មែរក្រហម បញ្ចប់សង្គ្រាម នាំយកសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍជូនជាតិ និងប្រជាជនកម្ពុជា ហើយការលះបង់នេះបានធ្វើឱ្យប្រជាជនរស់ក្នុងភាពសុខសាន្ត និងការអភិវឌ្ឍ។

នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាដើម្បីតបស្នងចំពោះសេចក្តីទុកចិត្ត និងការគាំទ្ររបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយការទទួលខុសត្រូវ ក្នុងការបម្រើប្រជាពលរដ្ឋជាពិសេសសម្រាប់មន្ត្រីមូលដ្ឋានបានខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ អភិវឌ្ឍឃុំ សង្កាត់ឱ្យមានការរីកចម្រើនក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់របស់ខេត្តកំពត។

លោកបានថ្លែងថា សមិទ្ធផលទាំងឡាយដែលសម្រេចបាននេះកើតឡើងក្រោមដំបូលនៃសុខសន្តិភាព និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋ ចំពោះរាជរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន៕