(ភ្នំពេញ)៖ អនុវត្តតាមផែនការណែនាំរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់មាត់ទន្លេច្រាំងបាក់ ក្នុងភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ហើយក្នុងនោះ បានធ្វើកិច្ចសន្យាណែនាំដល់ម្ចាស់ទីតាំងប្រ៉ក់រោងដាក់តុលក់ដូរ លើដីសាធារណៈរបស់រដ្ឋ ហៀរមកលើចិញ្ចើមផ្លូវ គឺត្រូវឱ្យរុះរើចេញ ដោយទុកពេលមួយសប្តាហ៍។

ការងារចុះរៀបចំសណ្តាប់ធ្នាប់នេះ ក៏មានការចូលរួមពីលោក​ គួច​ ចំណាន​ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ​ និងលោក សាន់ ប៊ុនណា ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបន្លែ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ​កម្លាំងអធិការនគរបាលខណ្ឌច្បារអំពៅ។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌច្បារអំពៅ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរតាមបណ្តាផ្លូវនានា ក្នុងភូមិសាស្ត្រខណ្ឌ ត្រូវចូលរួមទាំងអស់គ្នា បញ្ឈប់ការយកចិញ្ចើមផ្លូវសាធារណៈដាក់តាំងលក់ប្រកបរបរអាជីវកម្ម ដើម្បីចូលរួមថែរក្សាសោភ័ណភាព សុវត្ថិភាព របៀបរៀបរយក្នុងមូលដ្ឋានខណ្ឌ នៃរាជធានីភ្នំពេញ។

លោក ហ៊ត គឹមនី ក៏បានស្នើដល់ប្រជាពលរដ្ឋ អាជីវករ បន្តចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការទុកដាក់ទំនិញ ឬសម្ភារៈលក់ដូរ តាមមុខផ្ទះ ធ្វើមិចកុំឱ្យហូរហៀរមកលើទ្រូវផ្លូវ ដែលបង្កឱ្យបាត់សណ្តាប់ធ្នាប់ បាត់ផ្លូវសម្រាប់អ្នកថ្មើរជើង នាំឱ្យបង្កជាគ្រោះថ្នាក់ជាយថាហេតុផងដែរ។

បន្ថែមពីនេះ រដ្ឋបាលខណ្ឌ ក៏បានដាក់ចេញនូវផែនការឱ្យកម្លាំងសន្តិសុខត្រូវអនុវត្តជាប្រចាំ ទៅលើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈគ្រប់ផ្លូវទាំងអស់ដោយក្នុងនោះ៖

*សូមសំណូមពរបងប្អូនជាអ្នកប្រកបរបររត់ឡានឈ្នួល សូមកុំចតលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ទុកសម្រាប់បងប្អូនអ្នកថ្មើរជើង និងការធ្វើចរាចរណ៍។
*សូមសំណូមពរបងប្អូនជាអ្នកប្រកបអាជីវកម្ម កុំដាក់តាំងទំនិញ និងសម្ភារៈលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ទុកសម្រាប់អ្នកថ្មើរជើង និងការធ្វើចរាចរណ៍។

សូមបញ្ជាក់ជូនថា ក្រុមការងារបានណែនាំជូនដំណឹង និងធ្វើកិច្ចសន្យារួចហើយ ក្នុងករណីបងប្អូននៅតែដាក់លក់បំពាន កម្លាំងចំរុះនឹងធ្វើការដកហូតសម្ភារៈ របស់របរ និងទំនិញផ្សេងៗរបស់បងប្អូន ដោយមិនគិតពីការខូខាតទ្បើយ ហើយការចុះពិនិត្យធ្វើដូចភ្លៀងរលឹម៕