(ភ្នំពេញ)៖ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ បានសម្រេចឯកភាពលើផែនការសកម្មភាពសំខាន់៥ចំណុច ដើម្បីបន្តការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងជួយគាំទ្រដល់យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣ - Visit Cambodia Year 2023» ក្រោមទិសស្លោក «រាល់ថ្ងៃ គឺជាអច្ឆរិយ: Every day is a Wonder»។
ការសម្រេចឯកភាពនេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៣ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារនេះ។
អង្គប្រជុំបានលើកឡើងអំពីវឌ្ឍនភាពការងារនៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលបានអនុវត្តកន្លងមក និងឯកភាពគ្នាបន្តជំរុញការអនុវត្តផែនការសកម្មភាពក្នុងដំណាក់កាលទី២ ដែលមានចែងក្នុងតារាងផែនការសកម្មភាពក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ និងគម្រោងអាទិភាពទាំង១៧ ដែលបានសម្រេចដោយរាជរដ្ឋាភិបាល ដូចមានចែងក្នុងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។
អ្វីដែលជាលទ្ធផលក្នុងកិច្ចប្រជុំ គឺការសម្រេចឯកភាពបន្តការអនុវត្តផែនការសកម្មភាព៥ចំណុច ហើយត្រូវបានលើកឡើងជារួមដោយលោករដ្ឋមន្ត្រី ថោង ខុន ក្នុងនោះរួមមាន៖
ទី១. ការរៀបចំសេចក្តីព្រាងវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» នឹងក្លាយជាឯកសារយុទ្ធសាស្រ្តដ៏សំខាន់ក្នុងដំណាក់កាលនៃការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា (Recovery) ដូចមានចែងក្នុងផែនទីចង្អុលផ្លូវ ខណៈដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ឱ្យយកព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ដាក់ចេញជាយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលភាពជោគជ័យនៃការអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជា ២០២៣» នឹងដើរតួជាមូលដ្ឋានសំខាន់បំផុតសម្រាប់រុញដោលការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យដល់កម្រិតដូចមុនពេលវិបត្តិ និងកាន់តែប្រសើរជាងមុន ទាំងលើទិដ្ឋភាពបរិមាណ និងគុណភាព។
ទី២. សេចក្តីព្រាងវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» មានចក្ខុវិស័យច្បាស់លាស់ គឺ «នៅឆ្នាំ២០២៣ កម្ពុជានឹងអាចទទួលទេសចរអន្តរជាតិបានយ៉ាងតិច ៤ លាននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងបានប្រមាណ១៥លាននាក់»។
ទី៣. ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ សេចក្តីព្រាងវិធានការគោលនយោបាយអនុវត្តយុទ្ធនការនេះមានគោលបំណង២៖
* គោលបំណងទី១. លើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា។
* គោលបំណងទី២. ផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដើម្បីបង្កើនឧត្ដមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩។
ទី៤. ដើម្បីសម្រេចបានគោលបំណងខាងលើ យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» មានគោលដៅចំនួន២៖
* គោលដៅទី១. បង្ហាញនិងផ្សព្វផ្សាយស៊ីជម្រៅពីគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗរបស់កម្ពុជាក្នុងប្រភពទីផ្សារទេសចរណ៍៩អាទិភាព តាមរយៈការធ្វើយុទ្ធសាស្រ្តទំនាក់ទំនងសាធារណៈ ការផ្សាយពាណិជ្ជកម្មទេសចរណ៍ តាមគ្រប់មធ្យោបាយ។
* គោលដៅទី២. បង្កើនតម្រូវការភ្ញៀវទេសចរជាតិនិងអន្តរជាតិ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ទាក់ទាញកម្រិតអន្តរជាតិ ជាតិ និងកម្រិតមូលដ្ឋាន ក្រោមរូបភាពជាពិធីបុណ្យ ព្រឹត្តិការណ៍កីឡា ឬព្រឹត្តិការណ៍ទេសចរណ៍ម៉ាយឱ្យមានជាប្រចាំ «មួយខែ យ៉ាងតិចមួយព្រឹត្តិការណ៍»។
ទី៥. ដើម្បីធានាបាននូវភាពជោគជ័យក្នុងការអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្នុងសេចក្តីព្រាងដាក់ចេញវិធានការគោលនយោបាយនេះនឹងផ្អែកតាមអភិក្រម «ការជំរុញព្រឹត្តិការណ៍» និង «ការផ្តោតលើការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ» ដោយក្នុងនេះសេចក្តីព្រាងនេះបានដាក់ចេញ២០វិធានការសំខាន់ ក្នុងនោះមានព្រឹត្តិការណ៍អន្តរជាតិនិងថ្នាក់ជាតិចំនួន២១ព្រឹត្តិការណ៍ និងថ្នាក់មូលដ្ឋានចំនួន២៥រាជធានី-ខេត្ត សំដៅសម្រេចឱ្យបាននូវគោលដៅជាយុទ្ធសាស្រ្ត២ រួមមាន៖ ទី១.ពង្រឹងកិត្តិនាមកម្ពុជាក្នុងទីផ្សារទេសចរណ៍ពិភពលោកក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈធ្វើការកំណត់ទីតាំងកម្ពុជា (Positioning) លើទីផ្សារទេសចរណ៍អន្តរជាតិក្រោយវិបត្តិជំងឺកូវីដ-១៩ និងបង្កើតនិមិត្តសញ្ញាផ្សព្វផ្សាយ (Branding) សម្រាប់យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» និងទី២.ពង្រឹងការផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ។
លោក ថោង ខុន ប្រធានអង្គប្រជុំ បានបង្ហាញការជឿជាក់ថាឯកសារសេចក្ដីព្រាង វិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» នឹងទទួលបានការគាំទ្រក្នុងកិច្ចប្រជុំរួមគ្នារវាងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឈានទៅគោរពស្នើសុំការសម្រេច និងអនុម័តយល់ព្រមពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕