(បាត់ដំបង)៖ កាកបាទក្រហមខេត្តបាត់ដំបង បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ទៅចែកជូនប្រជាពលរដ្ឋ៤៥គ្រួសារ នៅក្នុងស្រុកកំរៀង និង២១៨គ្រួសារនៅស្រុកថ្មគោល ដែលរងគ្រោះដោយសារខ្យល់កន្ដ្រាក់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ។ ពិធីនេះធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ ដឹកនាំដោយលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តស្ដីទី និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត លោក ប៊ុត គឹមស៊ាន អភិបាលរងខេត្ត ព្រមទាំងមន្ដ្រីរាជការជាច្រើនរូបផងដែរ។ ក្នុងនោះដែរ លោក គង់ លី អភិបាលស្រុកថ្មគោល ក៏បានធ្វើរបាយការណ៍បញ្ជាក់ថា គ្រួសាររងគ្រោះទាំង២១៨គ្រួសារនោះ មានភូមិសំរោង៨៣គ្រួសា ភូមិថ្មី៨៥គ្រួសារ ភូមិជ្រោយម្ទេស៥០គ្រួសារ ឃុំគោកឃ្មុំ២គ្រួសារ និងឃុំតាពូង២គ្រួសារ។ ចំណែកលោក ជា សុផាត អភិបាលស្រុកកំរៀង បានបញ្ជាក់ថា អំពីស្ថានភាពប្រជាពលរដ្ឋ៤៥គ្រួសារផងដែរ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តស្ដីទី បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ យ៉ាងខ្លាំងនៅតាមមូលដ្ឋានគ្រប់កាលៈទេសៈ ជាពិសេសគ្រោះធម្មជាតិ ខ្យល់កន្ដ្រាក់ ដែលបានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋនាពេលកន្លងមក។ បន្ថែមពីនេះ លោកក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋថា រាល់ពេលភ្លៀងម្តងៗ សូមបងប្អូនមានការប្រុងប្រយ័ត្ន រត់រកទីកន្លែងមានសុវត្ថិភាព គឺឆាប់រត់ចូលក្នុងផ្ទះ កុំជ្រកក្រោមដើមឈើ នៅកណ្តាលវាល កុំនៅជិតដែក ត្រូវបិទទូរស័ព្ទដៃ បិទវិទ្យុ ដើម្បីការពារអាយុជីវិតបងប្អូនផងដែរ។ ជាងនេះទៅទៀត លោកបានរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវទិញពាងធំៗ ដើម្បីស្តុកទឹកបានច្រើនប្រើបានយូរ និងជីកស្រះឲ្យបានច្រើន ដើម្បីស្តុកទឹក ការពារនៅពេលមានគ្រោះរាំងស្ងួតម្តងៗ ហើយស្រះទឹកដែលមានស្រាប់ យើងត្រូវនាំគ្នាថែរក្សាឲ្យបានល្អទាំងអស់គ្នាផងដែរ។
ក្រោយពីចប់មតិសំណេះសំណាល លោកក៏បានចែកអំណោយ ដល់ប្រជាពលរដ្ឋទាំង២ស្រុក ក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១០កញ្ចប់ ត្រីខ២កំប៉ុង ក្រមា១ សារ៉ុង១ ថវិកា២ម៉ឺនរៀល ដោយឡែកអ្នករងគ្រោះធ្ងន់ធ្ងរជាងគេ ទទួលថវិកា៥ម៉ឺនរៀល និងតង់កៅស៊ូ១បន្ថែម៕