(ភ្នំពេញ)៖ រហូតមកដល់រសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៊ើបសួរលើ លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារ ករណីកិបកេងថវិការដ្ឋ និងប្រាក់របបគោលនយោបាយជនពិការជាង៣៨ម៉ឺនដុល្លារ។
លោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ពេលនេះ តំណាងអយ្យការបានបេីកការស៊េីបសួរពីបទការកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងបទសម្អាតប្រាក់ តាមមាត្រា៥៩៧ និងមាត្រា ៥៩៨ នៃក្រមព្រហ្មទណ្ឌ មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពករលួយ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនហើយ ពាក់ព័ន្ធនឹងការកិបគេងថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចបញ្ជូនជនសង្ស័យ ឈ្មោះ ឡាយ សំណាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករានេះ ករណីកិបគេងថវិការដ្ឋជាង១,៥០០ លានរៀល (ជាង៣៨ម៉ឺនដុល្លារ) ក្នុងនោះមានទាំងការកិបគេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត៤ពាន់នាក់ផងដែរ។
«ក្រៅអំពីការជាប់សង្ស័យលើអំពើពុករលួយ បទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់ ឡាយសំណាង នៅជាប់សង្ស័យអំពីបទល្មើសសម្អាតប្រាក់ទៀតផង»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោកទេសរដ្ឋមន្ត្រី៕