(កោះកុង)៖ ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកបូទុមសាគរ តំណាងនាយឧត្តមសេនីយ៍ ចៅ ភិរុណ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកបូទុមសាគរ ខេត្តកោះកុង បានអញ្ជើញបញ្ចុះបឋមសិលាកសាងព្រះវិហារ និងកាត់ខ្សែបូរឆ្លងសាលាបំពេញបុណ្យ និងសម្ធិផលនានានៅវត្តចន្ទមុនីរាមហៅ (វត្តអណ្តូងទឹក)។
ពិធីមានការចូលរួមពីសំណាក់ឧបាសក ឧបាសិកាចំណុះជើងវត្តរួមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលបានប្រព្រឹត្តឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។
នាឱកាសនោះ ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានថ្លែងថា ប្រទេសជាតិមានសន្តិភាព មានស្ថេរភាព មានភាពរីកចម្រើនក្នុងការអភិវឌ្ឍ ទាំងវិស័យសេដ្ឋកិច្ច ទាំងវិស័យពុទ្ធសាសនានៅទូទាំងប្រទេស ការរីកចម្រើនរបស់ប្រទេសជាតិ ក្នុងបច្ចុប្បន្នភាពនេះ គឺដោយសារការខិតខំប្រឹងប្រែងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលលះបង់រាល់អ្វីៗ ដើម្បីប្រជាជន ដើម្បីប្រទេសជាតិ ហើយប្រែក្លាយពីរបបដ៏ខ្មៅងងឹតមួយដែលពោរពេញ ទៅដោយការសម្លាប់ពូជសាសន៍ឯង ដោយគ្មានញញើតដៃ និងដាក់ទណ្ឌកម្មមិនថាក្មេង ឬចាស់ឡើយ។
ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានបន្តថា ពុក ម៉ែ បងប្អូន កូន ក្មួយ បច្ចុប្បន្នប្រទេសជាតិមានសន្តិភាពមានសេរីភាព មានធនធានមនុស្ស មានភាពរីកចម្រើន ទាំងប្រទេសជាតិទាំងពុទ្ធសាសនា អាណាចក្រទាំងនេះ គឺកើតចេញមកពីគណបក្សប្រជាជនកម្ពុជា ដែលមានការគាំទ្រពីប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ហើយលោកជឿជាក់ថាប្រជាពលរដ្ឋនឹងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៀត ដូច្នេះសូមអញ្ជើញទៅចូលរួមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាឱ្យគ្រប់ៗគ្នាដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។
ឧត្តមសេនីយ៍ឯក បានបន្តថា មានតែគណបក្សប្រជាជនតែ១គត់ ដែលមានការអភិវឌ្ឍឱ្យមានភាពរីកចម្រើនគ្រប់មូលដ្ឋានហើយជួយដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋជានិច្ច នៅពេលជួបបញ្ហាអី្វមួយដែលកើតឡើងមិនថា ផ្លូវទឹកផ្លូវគោកយប់ ឬថ្ងៃឡើយដោយមិនប្រកាន់ពូជសាសន៍ និងនិន្នការនយោបាយណាមួយឡើយ។ ដូច្នេះ សូមប្រជាពលរដ្ឋ កុំជឿងលើកការញុះញង់របស់ពួកក្រុមប្រឆាំងឱ្យសោះជាពិសេសជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី ដែលស្រែកក្តែងៗពីក្រៅប្រទេសនោះដោយខ្លួនមិនហ៊ានអើតក្បាលចូលស្រុកនោះ។
សូមបញ្ជាក់ថា សាលាបំពេញបុណ្យវត្តចន្ទមុនី ហៅ វត្តអណ្តូងទឹក មានទទឹងទំហ៊ុំ ៩ម៉ែត្រ បណ្តោយ ២៤ម៉ែត្រ កម្ពស់១៤ម៉ែត្រ ធ្វើអំពីថ្មបេតុងហើយសាលាបំពេញបុណ្យ និងសម្ធិផលនានាដែលបានធ្វើបុណ្យសម្ភោធឆ្លងឱ្យ ប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ហើយនឹងរួមទងបញ្ចុះបឋមសិលាកសាងព្រះវិហារ ដែលមានទទឹង ៩.៩០ម៉ែត្រ បណ្តោយ១៨ម៉ែត្រ និងកម្ពស់ ២៧ម៉ែត្រផងដែរ៕