(ក្រុងឡាសវេហ្គាស-រដ្ឋនីវ៉ាដា)៖ លោកឧកញ៉ា ប៉ោ សួន ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុករដ្ឋនីវ៉ាដា សហរដ្ឋអាមេរិក បានសហការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការសាខាបក្ស គណកម្មាធិការអនុសាខាបក្ស និងយុវជនបក្សទីក្រុងឡាសវេហ្គាស បានរៀបចំកម្មវិធីអបអរសាទរ ខួបលើកទី៤៤ នៃទិវាជ័យជំនះ ៧មករា ក្រោមអធិបតីភាពលោក កែវ ឈា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងម៉ិចសិកកូ និងលោក ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំអង្គការងារ ចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក ព្រមទាំងប្រតិភូអមដំណើរ។

កម្មវិធីនេះធ្វើឡើងនៅទីក្រុងឡាសវេហ្គាស រដ្ឋនីវ៉ាដា នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ដោយមានប្រជាពលរដ្ឋ និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋនីវ៉ាដា សហរដ្ឋអាមេរិក ចូលរួមសរុបចំនួនប្រមាណ២០០នាក់ យ៉ាងសប្បាយរីករាយក្រៃលែង និងស្និទ្ធស្នាលជាទីបំផុត ក្នុងនាមមហាគ្រួសារខ្មែរតែមួយ។

នៅក្នុងឱកាសនេះ លោក ស សេរីវិចិត្រ និងលោកឧកញ៉ា ប៉ោ សួន បានលើកយកមតិផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនថ្នាក់កណ្តាល, លោក ម៉ឹង ពន្លក ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក។

សូមជម្រាបថា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញប្រារព្ធពិធីអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជំនះ «៧មករា» ដែលមានអ្នកចូលរួមប្រមាណជាង២ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មីឲ្យជនរួមជាតិទាំងអស់ ថែរក្សាការពារនូវសុខសន្តិភាពរបស់ប្រទេសកម្ពុជា ដែលមានសព្វថ្ងៃនេះ ហើយទប់ស្កាត់ និងកម្ចាត់នយោបាយជ្រុលនិយម ដែលចង់បំផ្លាញដល់សុខសន្តិភាពរបស់ប្រទេសជាតិ។

សម្តេចបានលើកឡើងថា ៤៤ឆ្នាំកន្លងទៅនេះ គឺជា ៤៤ឆ្នាំ នៃសាមគ្គីភាព ជា៤៤ឆ្នាំនៃការតស៊ូអនុវត្តគ្រប់កិច្ចការប្រកបដោយ វីរភាព និងជា៤៤ឆ្នាំនៃជ័យជម្នះរបស់ប្រជាជនកម្ពុជា។ ការតស៊ូពុះពាររបស់យើង បានកែប្រែមាតុភូមិពី ទឹកដីមរណៈ មកជាទឹកដីលូតលាស់ដ៏ស្រស់បំព្រងប្រកបដោយមោទនភាពបំផុត ដែលបានបង្កើនជំនឿ និង ពង្រឹងការតាំងចិត្តរបស់យើង ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗទៀតក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាងអនាគតដ៏រុងរឿងសម្រាប់កូនចៅយើងគ្រប់ជំនាន់តទៅមុខទៀត ដោយគ្មានការកើតមានជាថ្មីនូវសង្គ្រាមការបែកបាក់ជាតិ និងអំពើប្រល័យពូជសាសន៍ដូចពីអតីតកាល៕