(ភ្នំពេញ)៖ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើភាគីថៃ តាមរយៈអគ្គរាជទូតថៃប្រចាំកម្ពុជា ឲ្យជួយសម្រួលដល់ នីតិវិធីក្នុងនាំចូលទំនិញ កសិផលពីកម្ពុជា ទៅកាន់ប្រទេសថៃ ឲ្យបានច្រើនថែមទៀត ដើម្បីជំរុញកំណើនពាណិជ្ជកម្មនៃប្រទេសទាំង២។
ការស្នើរបស់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែល លោកអញ្ជើញក្នុងពិធីបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មថៃ ឆ្នាំ២០១៦ នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
លើពីនេះទៅទៀតនោះ លោករដ្ឋលេខាធិការ បានស្នើឲ្យមន្ត្រីនៃស្ថានទូតថៃ ប្រចាំនៅកម្ពុជាជួយ ជំរុញឲ្យវិនិយោគិនថៃមកបណ្តាក់ទុន នៅកម្ពុជា និងជួយសម្រួលដល់នីតិវិធីនាំចូលទំនិញកសិផល ពីកម្ពុជាទៅប្រទេសថៃជាដើម ដើម្បីឲ្យទំហំពាណិជ្ជកម្ម របស់កម្ពុជាកើនឡើង ៣ដងនៅឆ្នាំ២០២០។
ជាមួយគ្នានេះដែរ លោក ណាត់ថាវុឌ្ឍ ពោធិសារ៉ូ ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលថៃ ក៏កំពុងផ្តោត ការយកចិត្តទុកដាក់សំខាន់ក្នុងការ ជំរុញការអភិវឌ្ឍ SME ជាបន្តបន្ទាប់ ដោយរដ្ឋាភិបាលមានវិធានការ ជាបន្ទាន់ដល់ការជំរុញការ ប្រកួតប្រជែង និងមានគោលដៅ បង្កើតពាណិជ្ជករថ្មីៗ។
លោកលើកឡើង ថាទំហំពាណិជ្ជកម្មរវាងកម្ពុជានឹងថៃ មានទំហំទឹកប្រាក់៥.៣០០លានដុល្លារ ហើយប្រទេសទាំង២ បានកំណត់ថា នឹងបង្កើន ទំហំពាណិជ្ជកម្មឲ្យកើនដល់៣ដងក្នុង រយៈពេល៥ឆ្នាំខាងមុខ គឺឆ្នាំ២០២០។
លោកថា ស្ថានទូតព្រះរាជាណាចក្រថៃ ប្រចាំនៅកម្ពុជាក៏ដូចជានាយកដ្ឋានជំរុញណិជ្ជកម្មថៃ ក៏បានត្រៀមខ្លួនគាំទ្រផ្នែកឯកជនជំរុញ ពាណិជ្ជកម្មថៃ និងកម្ពុជាឲ្យរីកចម្រើនលើគ្រប់វិស័យ។
លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្មបាន ពិព័រណ៍នេះជាឱកាសឲ្យពាណិជ្ជករថៃ បានផ្សព្វផ្សាយនិងដាក់លក់ផ្ទាល់ ដល់អតិថិជនក្នុងតម្លៃថោកសមរម្យ ហើយវាក៏បង្ហាញ ពីសក្តានុពលពាណិជ្ជកម្មកម្ពុជា និងថៃ ដែលជាប្រទេសដៃគូ ពាណិជ្ជកម្មដ៏សំខាន់ ។ វាក៏ជាឱកាសផ្សារភ្ជាប់សិល្បៈ វប្បធម៌ប្រពៃណីសង្គមនៃ ប្រទេសទាំង២ផងដែរ ។
គួរបញ្ជាក់ដែរថា កម្មវិធីពិព័រណ៍ពាណិជ្ជ កម្មកម្មថៃឆ្នាំ២០១៦លើកទី២នេះត្រូវបាន រៀបចំឡើងចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ខែមិថុនា នៅកោះពេជ្រ។ កម្មវិធីនេះនឹងមានក្រុមហ៊ុន ប្រមាណ២០០មកពីប្រទេសថៃនិងមានស្តង់សរុបចំនួន២៥០ស្តង់។ មុខទំនិញដែលក្រុមហ៊ុន ទាំងនោះយកមកដាក់តាំងបង្ហាញនិងលក់នាគ្រានោះមានដូចជា សម្ភារសំណង់ គ្រឿងបន្លាស់ម៉ាស៊ីន, អាហារ, ភេសជ្ជៈ, សម្លៀកបំពាក់, សម្ភារ ប្រើប្រាស់ក្នុងផ្ទះ, វត្ថុអនុស្សាវរីយ, គ្រឿង សម្អាង, សម្ភារអគ្គិសនីជាដើម ។ ក្រៅពីនេះមានទំនិញប្រភេទOTOPមកពីខេត្តត្រាត ខេត្តចាន់ថៈបុរី និងខេត្តកាឡាក់ស៊ីន ជាដើម។
សូមជម្រាបថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងការធ្វើយ៉ាងណាជំរុញ កំណើន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ស្របតាមការចង់បាន របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា-ថៃ ដោយចង់ឲ្យទំហំពាណិជ្ជកម្ម កើនឡើងដល់ ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២០ តាមរយៈការជំរុញ ការផ្លាស់ប្តូរពាណិជ្ជកម្ម តាមតំបន់ព្រំដែនបង្កើនចំនួនរថយន្តដឹកទំនិញ ឆ្លងកាត់ព្រំដែនជាដើម៕