(បន្ទាយមានជ័យ)៖ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោក ឈើតកៀត អត្ថាករ បានដឹកនាំគណៈប្រតិភូមន្ត្រីស្ថានទូតថៃ ព្រមជាមួយ និងក្រុមគ្រូពេទ្យគិលានុបដ្ឋាយិកា នៃមន្ទីរពេទ្យ Royal Angkor International Hospital ដែលជាមន្ទីរពេទ្យថៃធំមួយ ស្ថិតនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលជួបពិភាក្សា ជាមួយលោកប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ ដើម្បីជាការគាំទ្រ ក្នុងកិច្ចប្រតិបត្តិការរបស់ពន្ធនាគារ ព្រមទាំងចូលសួរសុខទុក្ខ និងពិនិត្យសុខភាព ជូនជនជាប់ឃុំជនជាតិថៃ នៅក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យ។

នៅក្នុងឱកាសនេះផងដែរ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះភាគីខ្មែរ លោកប្រធាន និងមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យគ្រប់រូប ដែលបានមើលថែជនជាប់ឃុំជនជាតិថៃ យ៉ាងដិតដល់ ហើយបានធ្វើកិច្ចពិភាក្សាបន្ថែម ដើម្បីឲ្យស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា អាចជួយសម្រួលបន្ទុករបស់លោកប្រធាន និងមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ ក្នុងការមើលថែជនជាប់ឃុំជនជាតិថៃ នៅក្នុងថ្ងៃអនាគត។

ទន្ទឹមគ្នានេះដែរ គណៈប្រតិភូមន្ត្រីស្ថានទូតថៃ បានចូលសួរសុខទុក្ខជនជាប់ឃុំ ប្រគល់សម្ភារៈប្រើប្រាស់ចាំបាច់ និងផ្តល់ការពិនិត្យសុខភាពជាបឋមជូន ជនជាប់ឃុំពីសំណាក់ក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកាជំនាញ នៃមន្ទីរពេទ្យ Royal Angkor International Hospital ដែលជាការសម្រាលបន្ទុកដល់ពន្ធនាគារ។

បេសកម្មនេះ ជាកិច្ចសហប្រតិបត្តិការរវាងស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងភាគីឯកជនថៃ ក្នុងប្រទេសកម្ពុជា ដើម្បីជាការជួយមើលថែ និងផ្តល់ជំនួយមនុស្សធម៌ ដល់ជនជាប់ឃុំជនជាតិថៃ ដើម្បីបន្ថូរបន្ថយអាការៈជំងឺទាំងផ្លូវកាយ និងផ្លូវចិត្តរបស់ជនជាប់ឃុំជនជាតិថៃ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគសម្ភារៈ ផ្នែកវិជ្ជសាស្រ្តចាំបាច់បរិច្ចាគជនជនជាប់ឃុំជនជាតិថៃ នៃពន្ធនាគារ ខេត្តបន្ទាយមានជ័យ ដែលជាការសម្រាលបន្ទុក ដល់ភាគីកម្ពុជាបន្តទៀត៕