(ស្វាយរៀង)៖ មានរថយន្តយីឌុបប្រភេទវ៉េអងដឹកទំនិញពេញទ្រុងពី ៣០តោនទៅ៤៥តោន បានលួចបើករបារដាក់រាំងកាត់ផ្លូវ ការពាររថយន្តដឹកទំនិញលើសទម្ងន់ ដោយធ្វើចរាចរណ៍លើកំណាត់ផ្លូវក្រាលកៅស៊ូ ក្នុងជនបទដែលទើបតែសាងសង់ មិនទាន់រួចរាល់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផង បង្កឲ្យមហាជនព្រួយបារម្មណ៍ខ្លាចបាក់ស្រុតខូច ផ្លូវដែលរាជរដ្ឋាភិបាលសង់ជូនប្រជាពលរដ្ឋនៅជនបទបានប្រើប្រាស់ ធ្វើដំណើរងាយស្រួល។
ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរចាត់វិធានការទប់ស្កាត់ក្រុមឈ្មួញ ដែលបើកបររថយន្តដឹកទំនិញធុនយក្សនេះផង បើពុំដូច្នេះទេច្បាស់ជាខូចផ្លូវជាក់ជាមិនខានឡើយ។ ការអំពាវនាវនេះបានធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅភូមិអូរដូនអាម ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍។
តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ បានលើកឡើងថា ទោះបីមានការដាក់របារកម្រិតខ្ពស់កាត់ទទឹងផ្លូវដើម្បីទប់ស្តាត់រថយន្តដឹកលើសទម្ងន់ និងកម្ពស់ ព្រមទាំងទប់ស្កាត់រថយន្ត និងយានយន្តកែច្នៃខុសទំហំកំណាត់យ៉ាងណាក៏ដោយ នៅតែគ្មានប្រសិទ្ធភាពក្នុងការទប់ស្កាត់នោះទេ ព្រោះនៅពេលមានរថយន្តធុនយក្សដឹកទំនិញពេញៗទ្រុងរថយន្ត ព្រមទាំងដឹកខ្ពស់ៗស្ទើរដល់ចុងឈើបើកបរលើកំណាត់ផ្លូវ ក្រាលកៅស៊ូ ឆ្លងកាត់របាទាំងនោះ គឺតែងតែមានអ្នកមកបើករបារដាក់ទទឹងផ្លូវ ដើម្បីឲ្យរថយន្តគ្រប់ប្រភេទអស់ទាំងនោះ ដឹកតាមចិត្តគ្មានខ្វល់នោះឡើយ ពោលមានអ្នកមកលួចបើករបារកម្រិតខ្ពស់ទប់ស្កាត់រថយន្តដឹកលើសទម្ងន់ដដែល។
ពលរដ្ឋបានឲ្យដឹងទៀតថា រថយន្តដែលធ្វើចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង ៨៖១០នាទីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូមួយខ្សែ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៣១៤ ត្រង់ចំណុចព្រំប្រទល់ភូមិត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ឆ្ពោះមកភូមិអូរដូនអាម ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ សូមអរគុណចំពោះការផ្តល់ព័ត៌មាននេះ ហើយលោកនឹងប្រាប់ទៅក្រុមអ្នកធ្វើផ្លូវឲ្យទប់ស្កាត់។ ទាក់ទិនករណីនេះដែរលោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានឲ្យដឹងថា ចំពោះផ្លូវក្រាលកៅស៊ូមួយខ្សែ ដែលទើបក្រាលកៅស៊ូមិនទាន់ហើយនេះគឺជារបស់ខាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តជាអ្នកគ្រប់គ្រង មិនពាក់ព័ន្ធនិងមន្ទីរសាធារណការទេ។
បើតាមប្រជាពលរដ្ឋរស់នៅជិតតំបន់នោះ បានលើកឡើងថា តើគេដាក់របារនេះធ្វើអី? បើដាក់របារហើយនៅពេលដែលមានរថយន្តដឹកទំនិញធំៗខ្ពស់ៗមកដល់ទីនេះ តែងតែមានអ្នកមកចាំបើករបារឲ្យដូច្នេះមិនបាច់ដាក់វា ប្រសើជាង។
ជារៀងរាល់យប់មានរថយន្តដឹកទំនិញធុនយក្សធំៗដឹកទំនិញខ្ពស់ៗធ្វើចរាចរណ៍ឆ្ពោះទៅកាន់ច្រករបៀងសំយ៉ោងនៃប៉ុស្តិ៍វរៈការពារព្រំដែនសំយ៉ោង ឆ្លងកាត់ផ្លូវក្រាលកៅស៊ូមួយខ្សែនេះ គឺតែងតែមានអ្នកមកបើករបារ ការពាររថយន្តដឹកលើសទម្ងន់នេះ ឲ្យរថយន្តទាំងនោះទៅយ៉ាងរលូនដោយគ្មានគិតពីផលប៉ះពាល់ដល់ការបាក់ស្រុតខូចផ្លូវថ្នល់ដែលទើបតែកំពុងធ្វើមិនទាន់ហើយទេ។ នេះបើតាមពលរដ្ឋ។
បើតាមលោកប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តស្វាយរៀង បានឲ្យដឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ថា លោកទទួលបានព័ត៌មាននេះហើយ និងមានរូបភាពរថយន្តដឹកទំនិញចុះបើករបារផងដែរ ហើយលោកអភិបាលស្រុកកំពង់រោទិ៍ នឹងជម្រាបជូនទៅថ្នាក់ខេត្តដើម្បីមានវិធានការបែបណា ចំពោះរថយន្តទាំងអស់នេះផងដែរ។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា ក្នុងនាមមន្ទីរអភិវឌ្ឍជនបទ និងក្រសួងអភិវឌ្ឍន៍ជនបទ លោកតែងតែជំរុញដល់ក្រុមហ៊ុនម៉ៅការធ្វើផ្លូវត្រូវអនុវត្តតាមស្តង់ដារបច្ចេកទេស និងចូលរួមទប់ស្កាត់ទាំងអស់គ្នាចំពោះរថយន្ត ដឹកលើសទម្ងន់ ដែលធ្វើចរាចរណ៍លើផ្លូវនេះផងដែរ។ លោកសូមបដិសេធផងដែរចំពោះការលើកឡើងថា មន្ត្រីអភិវឌ្ឍជនបទជាអ្នកបើករបានោះគឺមិនពិតនោះទេ ក្នុងនាមលោកជាប្រធានមន្ទីរ មិនអនុញ្ញាតឲ្យមន្ត្រីធ្វើបែបនេះឡើយ គឺមានតែក្រុមឈ្មួញតែប៉ុណ្ណោះដែលហ៊ានចុះលួចបើករបារបារ៉ាស់នេះ។
សូមបញ្ជាក់ថា យោងតាមរលិខិតរបស់រដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃ៨ ខែធ្នូ ឆ្នាំ២០២២ បានជម្រាបជូនអភិបាលស្រុកស្វាយជ្រំ, អភិបាលស្រុករំដួល និងអភិបាលស្រុកកំពង់រោទិ៍ ស្ដីពីការសម្របសម្រួលកិច្ចសហការ គ្រប់គ្រងរបារកម្រិតកម្ពស់កាត់ទទឹងផ្លូវ ដើម្បីទប់ស្កាត់រថយន្ត ដឹកលើសទម្ងន់ និងយានយន្តកែច្នៃខុសទំហំកំណត់បើកបរនៅលើផ្លូវជនបទ។
លោកអភិបាលបានបញ្ជាក់ជូនអភិបាលស្រុកថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងធ្វើការកែសម្ពផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ (DBST) និងបេតុង ក្រោមការគាំទ្រថវិការបស់រាជរដ្ឋាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ដើម្បីធ្វើឱ្យផ្លូវប្រើប្រាស់ បានយូរអង្វែង ក្រសួងអភិវឌ្ឍន៍ជនបទ នឹងសាងសង់របារកម្រិតកម្ពស់កាត់ទទឹងផ្លូវរបស់គម្រោងកែលម្អផ្លូវ ជនបទជំហានទី៣ ក្នុងគោលបំណងទប់ស្កាត់រថយន្តធុនធ្ងន់ ដឹកជញ្ជូនលើសទម្ងន់ និងយានយន្តកែច្នៃខុសទំហំកំណត់។ របារកាត់ទទឹងផ្លូវនីមួយៗនឹងត្រូវស្ថាបនាចំនួនពីរទីតាំង គឺនៅទីតាំងដើមខ្សែផ្លូវមួយកន្លែង និងនៅចុងខ្សែផ្លូវមួយកន្លែង៕