(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានជំរុញមន្រ្តីរាជការត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសង្គមឲ្យបានល្អប្រសើរ ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំបោះឆ្នោតនៅពេលខាងមុខ។
លោកលើកឡើងដូច្នេះក្នុងធីផ្ទេរភារកិច្ច និងប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកក្រឡាញ់ ខេត្តសៀមរាប នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅសាលាស្រុកក្រឡាញ់។ សូមជម្រាបថា លោក សុខ ណារ៉េត អភិបាលរងស្រុកក្រឡាញ់ ឋានន្តរស័ក្តិវរៈមន្ត្រី ថ្នាក់លេខ១ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកក្រឡាញ់ ជំនួសលោកស្រី ម៉ននី រងី្ស អតីតអភិបាលស្រុក ដែលបានទៅទទួលភារកិច្ចថ្មី ជាអភិបាលរងខេត្តសៀមរាប។
លោក ទៀ សីហា បានកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកក្រឡាញ់ ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ។
លោក ទៀ សីហា ក៏បានស្នើដល់លោកអភិបាលស្រុក ដែលទើបតែងតាំងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃស្រុក ត្រូវរួមសហការគ្នាអនុវត្ត ការងារសំខាន់ៗ និងជម្រុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា តាមដូសបន្តបន្ទាប់ និងត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គមឲ្យបានល្អប្រសើរ ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។
លោកក៏ផ្តាំឲ្យខិតខំលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមួលដ្ឋាន ដោយជម្រុញការផ្សព្វផ្សាយនូវលក្ខណៈសម្បត្តិទាំង០៧ នៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បន្តជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ និងខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ ព្រមទាំងខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ សំដៅរួមគ្នាធានាឲ្យបាននូវប្រក្រតីភាព នៃការងារគ្រប់វិស័យទូទាំងស្រុក ដើម្បីឲ្យរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ធានាបានកំណើនសេដ្ឋកិច្ច និងឈានទៅកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។
លោក ទៀ សីហា បានបន្តទៀតថា ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការទាំងអស់ខាងលើ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ គោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ ពង្រឹងរបៀបរបបធ្វើការ ពិសេសអនុវត្តន៍តាមអភិក្រមទាំង៥ (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់) ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ច សំដៅអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ។ ម៉្យាងទៀត ក៏ត្រូវបង្ក្រាបឲ្យខាងតែបាននូវបទល្មើសគ្រឿងញៀញ បងតូចបងធំក្នុងមូលដ្ឋាន និងបង្កើនការដាក់ស្លាកសញ្ញាចរាចរណ៍ ភ្លើងបំភ្លឺតាមដងផ្លូវ ក្នុងការបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងជម្រុញប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណជិតហួសសុពលភាព ទៅធ្វើថ្មីនៅតាមបណ្តាប៉ុស្តិ៍នគរបាលឃុំ។
ជាមួយនេះដែរ ត្រូវរួមគ្នាបំពេញការងាររបស់រដ្ឋបាលស្រុក ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត គឺត្រូវធ្វើការបណ្តុះបណ្តាលមន្រ្តីរាជការសាលាស្រុក ឲ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ និងត្រូវតាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។ នេះជាការបញ្ជាក់របស់លោក ទៀ សីហា៕