(ភ្នំពេញ)៖ បុរសម្នាក់ដែលគេស្គាល់ថា ជាស្មៀនសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួន និងបញ្ជូនទៅតុលាការពាក់ព័ន្ធពីបទ រំលោទលើទំនុកចិត្ត នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ។ មន្រ្តីនគរបាល បានឱ្យដឹងថា ជនជាប់សង្ស័យខាងលើ មានឈ្មោះ ជិន សត្យា អាយុ៤២ឆ្នាំ មុខរបរជាស្នៀនសង្កាត់ ស្នាក់នៅផ្ទះ លេខ៤៤៧B ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
ទាក់ទិននឹងការចាប់ឃាត់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចូលខ្លួន របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ យោងទៅលើពាក្យបណ្តឹងរបស់មេធាវីម្នាក់ បានប្តឹងចោទប្រកាន់ស្មៀនសង្កាត់ច្រាំងចំរេះ២ ពីបទរំលោទលើសេចក្ដីទុកចិត្ត ដែលបានបោកយកទឹកប្រាក់ ចំនួន៤,៥០០ដុល្លារ។
មន្រ្តីនគរបាល បានបន្ថែមទៀតថា កាលពីអំឡុងចុងឆ្នាំ២០១៤ លោកមេធាវីបានទទួលការពាររឿងក្តីព្រហ្មទណ្ឌ ចំនួន២រឿង ដែលមានកូនក្តី៥នាក់ តម្លៃសេវាមេធាវីការពារក្តីរឿងព្រហ្មទណ្ឌនោះ ក្នុងម្នាក់ចំនួន១,១០០ដុល្លារ សរុប៥នាក់ ស្មើនឹង៥,៥០០ដុល្លារ ហើយនៅពេលកូនក្តីពឹងពាក់ ឲ្យជួយកាពាររឿងព្រហ្មទណ្ឌនោះ ហើយ មានតំណាងកូនក្តី៥នាក់ បានសុំបង់សេវាមេធាវីមុន ត្រឹមតែ១,០០០ដុល្លារសិនទេ ហើយប្រាក់ដែលនៅសល់៤,៥០០ដុល្លារទៀត និងសន្យាបង់តាមក្រោយ នៅពេលដំណើរការក្តី មានភាពរលូនទៅមុខ។
ក្រោយមករឿងក្តីនោះ ក៏សម្រេចបានដោយជោគជ័យ មេធាវីជាប់រវល់បេសកកម្ម ទៅតាមបណ្តាខេត្ត បានពឹងពាក់ឱ្យលោក ជិន សន្យា ជាស្មៀនសង្កាត់ច្រាំងចំរេះ២ ដែលជាអ្នករាប់អានគ្នា និងជាអ្នកមានផ្ទះនៅក្បែរកូនក្តីផងនោះ ឲ្យជួយទទួលយកប្រាក់ថ្លៃសេវាការពារក្តី ពីកូនក្តីដែលនៅសល់ចំនួន៤,៥០០ដុល្លារទុកឲ្យផង។
ក្រោយពេលលោកស្មៀនសង្កាត់ បានទទួលប្រាក់ពីកូនក្តីគ្រប់ចំនួនហើយ លោក ជិន សត្យា មិនបានប្រគល់ប្រាក់នោះ ទៅឲ្យមេធាវីជាដើមបណ្តឹងទេ ថែមទាំងគេចវេសមិនព្រមសងទៀតផង បានជាមេធាវីដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ឲ្យជួយចាត់ការតាមផ្លូវច្បាប់ ទើបបានជាមានការចាប់ខ្លួន ប្រគល់ជូនតំណាងអយ្យការអមសាលាដំបូង ធ្វើតាមនីតិវិធី។ ពេលបានទៅដល់សាលាដំបូងរាជធានីភ្នំពេញ លោកស្មៀនសង្កាត់រូបនេះ បានប្រាប់ថា លោកគ្មានប្រាក់សងទៅដើមបណ្តឹង ដើម្បីធានាខ្លួនឲ្យរួចផុតពីការចោទប្រកាន់ ឬ ដល់ដំណាក់ការឃុំខ្លួននោះទេ។
ក្រោយពីសាកសួរ នៅរសៀលថ្ងៃដដែលនោះ តំណាងអយ្យការអមសាលាដំបូង លោក ស្រី ម៉ានី បានសម្រេចធ្វើការចោទប្រកាន់ស្មៀនសង្កាត់ច្រាំងចំរេះ២ ពីបទរំលោភលើសេចក្ដីទុកចិត្ត និងបានស្នើសុំទៅចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនលោក ជិន សត្យា បទចោទជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងជាធរមាន៕