
ទីផ្សារសកលលោក កំពុងរង្គោះរង្គើ ខណៈប្រធានសហភាពអឺរ៉ុបថ្លែងថា គ្មានអ្វីត្រូវក្តុកក្តួលរឿងអង់គ្លេសចាកចេញ
24-06-2016 08:44
(ឡុងដ៍)៖ ទីផ្សារសកលលោកទាំងមូលបាន បង្ហាញសញ្ញាថាកំពុងតែធ្លាក់ចូលទៅក្នុងវិបត្តិសាជាថ្មី បន្ទាប់ពីចក្រភព អង់គ្លេស បោះឆ្នោតគាំទ្រការចាកចេញពីសហភាពអឺរ៉ុប ដែលជាការសម្រេចចិត្តដ៏ភ្ញាក់ផ្អើលមួយ ប៉ុន្តែបានផ្តល់ ផលប៉ះទង្គិចមកវិញយ៉ាងធំធេង ដូចជាការធ្លាក់ចុះរូបិយប័ណ្ណយ៉ាងគំហុករបស់អង់គ្លេសជាដើម។ នេះបើតាមការ ចេញផ្សាយនៅមុននេះបន្តិចដោយសារព័ត៌មាន CNN នារសៀលថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០១៦។
ខណៈនេះដែរប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបលោក Donald Tusk បានប្រកាសថា អឺរ៉ុបនឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅសប្តាហ៍ក្រោយនេះ ដោយមិនមានវត្តមានរបស់អង់គ្លេសនោះឡើយ ព្រោះចក្រភពនេះបានបោះបង់ចោល អឺរ៉ុបបាត់ទៅហើយ។ មុនរយៈពេលពីរថ្ងៃនៃការបោះឆ្នោត លោក Donald Tusk បានធ្វើការពិភាក្សាជាមួយនឹង សមាជិកទាំងអស់នៃសហភាពនេះ ដោយបញ្ជាក់ពីជំហររបស់ខ្លួនថា បើទោះបីជាលទ្ធផលចេញមកបែបណាក៏ដោយ ក៏អឺរ៉ុបនៅតែរក្សាឲ្យបាននូវ ការរួបរួមរបស់ខ្លួនជានិច្ច។
លោក Tusk ថ្លែងដូច្នេះថា «គ្មានវិធីណាមួយ ដែលអាចស្មានទុកមុនពីលទ្ធនយោបាយ ក្នុងពេលនេះឡើយ ជាពិសេសសម្រាប់ចក្រភពអង់គ្លេស។ វាគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទីមួយសម្រាប់អឺរ៉ុបមែន ប៉ុន្តែវាមិនមែនជា ពេលវេលាដែលត្រូវបង្ហាញអារម្មណ៍ក្តុកក្តួល រញ្ជួលចិត្តអ្វីនោះឡើយ»៕